លោក Lee​ អំពាវនាវ​ឱ្យកូរ៉េខាងជើង​ស្តារទំនុកចិត្ត និង​ចរចា​ឡើងវិញ ក្រោយ​ផ្ទុះ​សម្តីរឿង​គ្រាប់មីន​​

នៅ​ថ្ងៃព្រហស្បតិ៍​ ទី​០១ ខែ​តុលា ឆ្នាំ​២០២៦​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Lee Jae-myung បាន​អំពាវនាវឱ្យកូរ៉េខាងជើង​ចូលរួម​ក្នុង​ការស្តារ​ទំនុកចិត្ត និងចាប់ផ្តើម​ការសន្ទនាឡើងវិញ បន្ទាប់ពីមានការ​វាយ​ប្រហារពាក្យ​សម្តី​​គ្នា​ទៅវិញទៅមក​រវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធ​នឹងហេតុការណ៍​ផ្ទុះ​គ្រាប់មីន ដែល​យោធាកូរ៉េខាង​ត្បូង និងបញ្ជាការដ្ឋាន​អង្គការសហប្រជាជាតិ (UN Command) ​ចាត់ទុកថា​ជាការរំលោភ​លើកិច្ចព្រមព្រៀង​ឈប់បាញ់​។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Lee Jae-myung

ក្នុងពេល​អបអរសាទរទិវាកង​កម្លាំងប្រដាប់អាវុធ​របស់ប្រទេស លោក Lee បានថ្លែង​ថា៖ «​ខ្ញុំសង្ឃឹមថា ភាគីខាងជើងនឹងចូលរួម​ជាមួយ​យើង​ នៅលើមាគ៌ា​ស្តារទំនុក​ចិត្ត និងការចាប់ផ្តើម​ការសន្ទនាឡើងវិញ ​បន្ទាប់ពីការអាក់ខាន​អស់រយៈពេលជាយូរមក​ហើយ។ រដ្ឋបាល​របស់យើង​នឹង​បន្ត​អនុវត្តវិធាន​ការជាក់ស្តែង​នានា ដើម្បីកាត់បន្ថយភាព​តានតឹងផ្នែកយោធា​រវាងកូរ៉េទាំង​ពីរ»។

ការលើកឡើង​នេះ​បានធ្វើឡើង​ បន្ទាប់ពីយោធារបស់ទីក្រុងសេអ៊ូល ​និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិបានអះអាងថា កូរ៉េខាងជើង​បាន​រំលោភលើកិច្ច​ព្រមព្រៀងឈប់បាញ់​នៃ​សង្គ្រាមកូរ៉េ ក្រោយពីមាន​ហេតុការណ៍ផ្ទុះមីនកាលពីសប្តាហ៍​មុន បណ្តាល​ឱ្យទាហានកូរ៉េខាង​ត្បូងចំនួន ៣នាក់​ រងរបួសនៅ​ក្នុងតំបន់គ្មានយោធា (DMZ)។

យ៉ាង​ណា លោកស្រី គីម យ៉ូជុង ជា​ប្អូនស្រីដ៏មានឥទ្ធិពល​របស់មេដឹកនាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​បដិសេធការរកឃើញទាំងនោះ​ក្នុងសេច​ក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ដោយចោទប្រកាន់​ទីក្រុងសេអ៊ូលថា បានប្រឌិតលទ្ធផល និងបាន​ព្រមានអំពីការសងសឹក។

លោក Lee បានបញ្ជាក់នូវគោលបំណង​​របស់ខ្លួន​​ក្នុងការសម្រេចឱ្យបាន​​នូវការផ្ទេរ​សិទ្ធិបញ្ជាការប្រតិបត្តិការក្នុង​ពេលមានសង្គ្រាម​ ពីសហរដ្ឋអាមេរិក​មកកាន់កូរ៉េខាងត្បូងវិញ ដោយចាត់ទុកថាវាជា​ផ្នែកមួយនៃកិច្ច​ខិតខំប្រឹងប្រែងដ៏យូរអង្វែង​ ដើម្បីកសាងសមត្ថភាពការពារជាតិដោយខ្លួនឯង។

ក្នុងផែនការ​​មួយស្តីពីកំណែទម្រង់​វិស័យការពារ​ជាតិ លោក Lee ក៏​បានថ្លែង​ថា កូរ៉េខាងត្បូង​នឹង​សាង​សង់នាវាមុជទឹកដើរ​ដោយថាមពលនុយក្លេអ៊ែរ​ នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ និង​ធ្វើឱ្យសមត្ថភាពការពារប្រឆាំង​នឹងមីស៊ីល​​ប្រសើរ​ឡើង​ រួមទាំង​ប្រព័ន្ធបញ្ជា និងគ្រប់​គ្រង​ប្រើប្រាស់បច្ចេក​វិទ្យាបញ្ញា​សិប្បនិម្មិត (AI) ​និងប្រព័ន្ធស្ទាក់ចាប់​ដោយប្រើឡាស៊ែរថាមពលខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង