អុីរ៉ង់ ព្រមានបាញ់មីស៊ីល «មិនកំណត់ចំនួន» ដើម្បីបង្ការសត្រូវ និងបញ្ចប់យុគសម័យ «វាយហើយរត់»
ទីប្រឹក្សារបស់មេបញ្ជាការកងកម្លាំងអាកាស និងលំហនៃកងឆ្មាំបដិវត្តន៍អុីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ទោ Ali Balali បានថ្លែងថា កងកម្លាំងប្រដាប់អាវុធអុីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់មីស៊ីលក្នុងចំនួនច្រើនមិនកំណត់គ្រាប់ ដើម្បីបង្ការសត្រូវ និងបង្ហាញថា រាល់ការវាយប្រហារទាំងអស់ មិនអាចគេចផុតពីការឆ្លើយតបវិញនោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយ Press TV លោក Balali បាននិយាយថា បច្ចេកវិទ្យាមីស៊ីលគឺមានភាពស្មុគស្មាញ និងប្រឈមខ្លាំងជាងវិធីសាស្ត្រ និងអាវុធដទៃទៀតជាច្រើន ហើយការបាញ់មីស៊ីលត្រូវបានគេប្រើប្រាស់ជាទូទៅ ជាឧទាហរណ៍ តំណាងឱ្យកិច្ចការដែលមានភាពលំបាកខ្លាំង។
ទីប្រឹក្សាមេបញ្ជាការកងកម្លាំងអវកាស IRGC រូបនេះ បានលើកថា៖ «ថ្ងៃនេះ នៅក្នុងគ្រប់ប្រតិបត្តិការទាំងអស់ កងកម្លាំងប្រដាប់អាវុធបាញ់ក្នុងចំនួនច្រើនគ្រាប់តាមតែចាំបាច់ ប្រកបដោយអំណាច និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឱ្យសត្រូវរាងចាល និងយល់ច្បាស់ថា សម័យកាលនៃ «វាយហើយរត់ ត្រូវបានបញ្ចប់ហើយ»។
លោក Balali បាននិយាយទៀតថា៖ «យើងបានទាញយកផលប្រយោជន៍ពីចំណេះដឹងដែលមាននៅជុំវិញពិភពលោក ហើយធ្វើសកម្មភាពក្នុងរបៀបមួយពេលដែលរនាំង និងទណ្ឌកម្មទាំងឡាយត្រូវបានដាក់មកលើប្រទេសយើង។ ទោះបីជាមានការខិតខំប្រឹងប្រែងពីអ្នកនៅពីក្រោយវាក៏ដោយ ក៏មិនអាចរារាំងសាធារណរដ្ឋអុីស្លាមអុីរ៉ង់ ពីការកសាងអំណាច និងការឈានទៅមុខក្នុងវិស័យមីស៊ីល ដ្រូន និងវិស័យដទៃទៀតបានឡើយ»។
លោកក៏បានរៀបរាប់ផងដែរ អំពីកម្រិតកំណត់ដែលសាធារណរដ្ឋអុីស្លាមបានជួបប្រទះ ចំពោះសមត្ថភាពមីស៊ីលរបស់ខ្លួន ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់អុីរ៉ាក់ ប្រឆាំងនឹងអុីរ៉ង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយថា ប្រទេសនេះបានប្រឈមមុខនឹងការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យនេះនាពេលនោះ។
លោកបានបន្ថែមថា៖ «ជាពិសេស ក្នុងអំឡុងពេល៨ឆ្នាំនៃសង្គ្រាមការពារដ៏វិសុទ្ធ យើងបានបាញ់មីស៊ីលសរុបតែ ៨៨ គ្រាប់ប៉ុណ្ណោះ។ អាវុធទាំងនោះមានតម្លៃថ្លៃខ្លាំងណាស់ ហើយអុីរ៉ង់ខ្វះខាតធនធានដើម្បីរ៉ាប់រងលើការចំណាយទាំងស្រុង»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនាពេលថ្មីៗនេះ ក្នុងតំបន់មជ្ឈិមបូព៌ា ដែលក្នុងនោះសត្រូវ បានបើកការវាយប្រហារក្នុងកម្រិតកំណត់ ប៉ុន្តែអុីរ៉ង់បានវាយបកវិញដោយការបាញ់ស្រោចមីស៊ីលរាប់រយគ្រាប់ក្នុងពេលតែមួយ។
ថ្វីដ្បិតតែ ទីក្រុងតេហេរ៉ង់ ត្រូវរងទណ្ឌកម្មសេដ្ឋកិច្ច និងបច្ចេកវិទ្យាយ៉ាងធ្ងន់ធ្ងរពីអាមេរិក និងសម្ព័ន្ធមិត្តអស់រាប់ទសវត្សរ៍ក៏ដោយ កងឆ្មាំបដិវត្តន៍អុីស្លាម (IRGC) បានទាញយកចំណេះដឹងជាសកល មកកែច្នៃ និងបង្កើតរោងចក្រផលិតមីស៊ីល និងដ្រូន នៅក្នុងស្រុកបានដោយជោគជ័យ។
បច្ចុប្បន្ន អុីរ៉ង់ត្រូវបានគេទទួលស្គាល់ថា មានឃ្លាំងស្តុកមីស៊ីលបាលីស្ទីកធំជាងគេ និងមានលក្ខណៈបច្ចេកវិទ្យាស្មុគស្មាញបំផុតមួយនៅក្នុងតំបន់។ ពីមុន អុីរ៉ង់ជារឿយៗប្រកាន់យកយុទ្ធសាស្ត្រអត់ធ្មត់ តែបច្ចុប្បន្ន ពួកគេបានប្រកាសច្បាស់ថា សម័យកាលដែលសត្រូវវាយប្រហារហើយរត់គេចដោយគ្មានការសងសឹកគឺត្រូវបានបញ្ចប់៕

