បារាំង បិទសាលារៀន និងគ្រឹះស្ថានសិក្សាជាង ៤០០កន្លែងទូទាំងប្រទេស ព្រោះបាតុកម្មសិស្សនិស្សិត កាន់តែធ្ងន់ធ្ងរ

សាលារៀន និងគ្រឹះស្ថានសិក្សាជាង ៤០០កន្លែងទូទាំងប្រទេស នៅតែបិទទ្វាររហូតមកដល់ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបាតុកម្មទ្រង់ទ្រាយមួយ ដែលដំបូងឡើយធ្វើឡើងដោយសន្តិវិធីប៉ុណ្ណោះប្រឆាំងនឹងការអន់ថយនៃប្រព័ន្ធអប់រំ ប៉ុន្តែក្រោយមកក៏ប្រែក្លាយជាហិង្សា ក្នុងអ្វីដែលគេចោទថា អុជបញ្ឆេះដោយក្រុមអ្នកនយោបាយឆ្វេងនិយមជ្រុល ជាពិសេសគណបក្ស La France Insoumise (LFI)។

តាមពិតទៅ បាតុកម្មនេះ ផ្ទុះឡើងក្នុងទីក្រុងប៉ារីស តាំងពីខែមុនមកម្ល៉េះ  ជុំវិញការខ្វះខាតគ្រូបង្រៀន និងអគារសិក្សាទ្រុឌទ្រោម ប៉ុន្តែក្រោយមក វាក៏រីករាលដាលពាសពេញផ្ទៃប្រទេស បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស ហើយប៉ូលិសក៏បានចាប់ខ្លួនមនុស្សរាប់រយនាក់ ផងដែរ។

នៅទីក្រុង Marseille! ស្ថានការណ៍ប្រែធ្ងន់ធ្ងរគ្រប់គ្រងលែងបាន ដោយក្រុមបាតុករ បានដុតភ្លើង វិទ្យាល័យយ៉ាងហោចណាស់ ២កន្លែង ខណៈគ្រូបង្រៀនក៏ត្រូវបានគេជះសាំងដាក់ផងដែរ។

ទន្ទឹមនោះ នៅទីក្រុង Strasbourg, បាតុករ បានដុតកម្ទេចរថយន្ត១គ្រឿង ចំណែកនៅទីក្រុង Toulouse ឯណោះវិញ ប៉ូលិសបង្ក្រាបកុបកម្ម ក៏ប៉ះទង្គិចជាមួយក្រុមក្មេងជំទង់ ជាច្រើននាក់ផងដែរ។

ជុំវិញរឿងនេះ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីរដ្ឋមន្ត្រីអប់រំបារាំង Édouard Geffray ដែលប្រាប់ទូរទស្សន៍ France 2 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ថា៖ «តាមខ្ញុំដឹង មានសាលារៀន និងគ្រឹះស្ថានសិក្សាមិនតិចជាង ៤០០កន្លែងឡើយ ដែលត្រូវបិទទ្វារ»។

យ៉ាងណា បច្ចុប្បន្នស្ថានការណ៍មិនទាន់ធូរស្រាលឡើយ ហើយមន្ត្រីរដ្ឋាភិបាលបារាំង កំពុងព្យាយាមសម្របសម្រួល និងចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង