ព្យុងយ៉ាង បាញ់មីស៊ីលបាលីស្ទិកចេញពីតំបន់ Wonsan ផ្អើលអស់យោធាចម្រុះ កូរ៉េខាងត្បូង
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) នៅថ្ងៃទី៣ ខែតុលា បានថ្លែងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមួយគ្រាប់ សំដៅទៅរកសមុទ្រខាងកើត ហើយយោធាបញ្ជាក់ថា ពួកគេបានរកឃើញមីស៊ីលនេះ ដែលបានបាញ់ចេញពីតំបន់ Wonsan នៅវេលាម៉ោងប្រហែល ៦:៣០ ព្រឹក។

ទោះជាយ៉ាងណាក៏ដោយ ចំនួនគ្រាប់មីស៊ីល រួមទាំងចម្ងាយហោះហើរ និងកម្ពស់របស់វា មិនទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន koreaherald។
ស្ថាប័ន JCS បានលើកឡើងថា ឆ្លើយតបនឹងការគំរាមកំហែងឥតឈប់ឈរនេះ ភាគីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បាននិងកំពុងបង្កើនកិច្ចសហការយ៉ាងស្អិតរមួត ដោយចែករំលែកព័ត៌មានការបាញ់មីស៊ីលនេះទៅវិញទៅមកភ្លាមៗ ដើម្បីរក្សាជំហរត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។
យ៉ាងណា ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ ចេញពីតំបន់ Wonsan សំដៅទៅរកសមុទ្រខាងកើត កាលពីថ្ងៃទី២០ ខែកញ្ញា។ មីស៊ីលទាំងនោះបានហោះក្នុងចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ និងជាង ៦០០ គីឡូម៉ែត្ររៀងៗខ្លួន។
ការបាញ់បង្ហោះនេះទៀតសោត ក៏បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Kim Yo-jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ក្នុងការផ្តាច់ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល។
លោកស្រីបានថ្លែងថា ការងារពង្រឹងបន្ទាយការពារព្រំដែនរបស់កូរ៉េខាងជើង គឺមានគោលបំណងបិទផ្លូវរហូតជារៀងរហូត ដើម្បីកុំឱ្យមានអ្វីពាក់ព័ន្ធជាមួយកូរ៉េខាងត្បូងឡើយ ដោយលោកស្រីបានបញ្ជាក់ឡើងវិញថា ទីក្រុងព្យុងយ៉ាងស្វែងរកការកាត់ផ្តាច់ទំនាក់ទំនងជារៀងរហូតជាមួយភាគីខាងត្បូង។
លោកស្រីក៏បានបដិសេធផងដែរ ចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិ លោក Chung Dong-young ដែលបានស្នើឱ្យមានកិច្ចចរចានៅតាមបណ្តោយខ្សែបន្ទាត់ខណ្ឌសីមា ដោយលោកស្រី Kim Yo-jong បានលើកឡើងថា កូរ៉េខាងជើងនឹងមិនទុកឱកាសណាមួយសម្រាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងឡើយ ហើយបានចាត់ទុកការជួបគ្នាណាមួយជាមួយភាគីខាងត្បូងថាជាសុបិនអាក្រក់។
ដោយឡែក អ្នកជំនាញផ្នែកកូរ៉េខាងជើងបានលើកឡើងថា ការបាញ់មីស៊ីលនេះអាចជាចេតនារបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កហេតុ និងទាមទារប្រតិកម្មពីភាគីកូរ៉េខាងត្បូង ក្នុងកំឡុងពេលដែលទំនាក់ទំនងអន្តរកូរ៉េធ្លាក់ក្នុងភាពតានតឹងខ្លាំងបែបនេះ៕

