កង​ទ័ព​ឥណ្ឌា និង​ចិន បន្ត​ប្រឈមមុខដាក់​គ្នាយ៉ាងក្តៅ​គគុក​ នៅតាម​ព្រំដែន​ រដ្ឋ Arunachal Pradesh

មេ​បញ្ជា​ការ​កងកម្លាំង​ការពារ​ព្រំដែនឥណ្ឌា ទទួល​បន្ទុក​ការពារព្រំដែន​ជាប់ប្រទេស​ចិន​នៅតំបន់ហិម៉ាល័យ​​ថ្លែងថា កងកម្លាំង​ប្រដាប់អាវុធ​ឥណ្ឌា​ កំពុងប្រឈម​មុខដាក់គ្នា​ជាមួយកងទ័ព​ចិន​​នៅ​ចំណុច​ជាច្រើន ​ស្ថិតតាមបណ្តោយ​ព្រំដែនក្នុង​រដ្ឋ Arunachal Pradesh ភាគឦសាន​ ប្រទេសឥណ្ឌា។

ការ​លើកឡើង​កាលពីចុងសប្តាហ៍​មុន ​ដោយ​ លោក Shatrujeet Kapur អគ្គ​នាយកកងកម្លាំង​ប៉ូលិស​ព្រំដែនឥណ្ឌា-ទីបេ បាន​កើត​ឡើង​ជិត ៤ខែ បន្ទាប់​ពីក្រុមសង្គម​ស៊ីវិលក្នុង​តំបន់ដាច់ស្រយាលភាគ​ឦសាននេះ ប្រាប់សារព័ត៌​មាន Al Jazeera នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ថា កង​កម្លាំងចិនកាន់តែ​រំលោភ​ចូលជ្រៅ​ទៅក្នុងទឹក​ដីឥណ្ឌា និងរារាំង​កងទ័ពឥណ្ឌា​មិនឱ្យចូល​ទៅកាន់ចំណុច​ល្បាតនានា ដោយ​សកម្មភាព​នេះ​បង្ក​ឱ្យមានការខឹង​សម្បារ​ក្នុងចំណោម​ប្រជាពលរដ្ឋមូល​ដ្ឋាន។

កង​ទ័ព​ឥណ្ឌា​

កាល​ពីខែ​មុន ប្រធា​នាធិបតីចិន លោក ស៊ី ជីនពីង បាន​អញ្ជើញ​ទៅ​កាន់​ទីក្រុងញូវ​ដេលី ដើម្បីចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល BRICS ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅកាន់​ប្រទេសឥណ្ឌា​ក្នុងរយៈពេល ៧ឆ្នាំ។ ក្នុងឱកាស​នោះ លោកបាន​ជួប​ពិភាក្សាជាមួយនាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ខណៈរដ្ឋធានី​ទាំងពីរ​ព្យាយាមធ្វើឱ្យ​ទំនាក់ទំនងទ្វេ​ភាគីមាន​ភាពកក់ក្តៅឡើងវិញ។

ការវិលត្រឡប់​ទៅរកភាពកក់​ក្តៅនេះ គឺមួយ​ផ្នែក​កើត​​ចេញ​ពីសង្គ្រាម​ពាណិជ្ជកម្ម​ ​ធ្វើ​ឡើងដោយ​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយ​ជំរុញ​ឱ្យគូប្រជែងទាំងពីរ​ គឺ​ទីក្រុងប៉េកាំង និងទីក្រុង​ញូវដេលី ដែល​​ជាមហា​អំណាចនុយក្លេអ៊ែរ​ទាំង​ពីរ​ ​ជិត​ស្និទ្ធ​គ្នាជាង​មុន។​

យ៉ាងណា​ ករណី​ចោទប្រកាន់​​ភាគី​ចិន ​រំលោភចូល​ទឹកដីឥណ្ឌា ​បង្ហាញឱ្យឃើញ​ថា ទោះ​បីជាមានការចាប់ដៃគ្នា​ប្រកបដោយភាព​ស្និទ្ធស្នាល​នៅទីក្រុងញូវដេលី​ក៏ដោយ ក៏ភាពតានតឹងនៅតាម​បណ្តោយព្រំដែន​ប្រវែង ៣ ៥០០ គីឡូម៉ែត្រ រវាង​ប្រទេសជិតខាង​ទាំងពីរ​នេះ នៅ​តែគំរាមកំហែងដល់​កិច្ចខិត​ខំប្រឹងប្រែង​ក្នុងការធ្វើឱ្យ​ទំនាក់ទំនង​ត្រឡប់ទៅ​រកភាព​ប្រក្រតី​វិញណាស់​។

បញ្ហា​នេះ​ក៏បង្ក​ជា​បញ្ហា​ប្រឈមផ្នែក​នយោបាយដ៏ធំមួយ​សម្រាប់​ លោក Modi ផងដែរ។ លោកបាន​កសាងរូបភាព​ជាមេដឹកនាំដ៏រឹងមាំ​ម្នាក់​លើបញ្ហាសន្តិសុខ​ជាតិ ប៉ុន្តែ​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ លោកជួប​ប្រទះ​នឹងសំណួរដ៏​លំបាកនានា​ពាក់ព័ន្ធ​នឹងទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។

យោងតាម​ លោក Kapur​, ហេតុការណ៍​ប្រឈមមុខ​ដាក់គ្នាជាមួយកង​កម្លាំងចិន​នៅក្នុងរដ្ឋ Arunachal Pradesh​ នៅតែ​បន្តកើតមាន​នេះ បាន​កើតឡើង ៦​ឆ្នាំ​ បន្ទាប់ពីទាហាន​ឥណ្ឌាយ៉ាងតិច​ ២០នាក់ស្លាប់​ ក្នុងការប៉ះទង្គិចគ្នា​ដោយផ្ទាល់​ជាមួយកង​កម្លាំងចិន នៅ​តំបន់ភ្នំ Ladakh ។​

កងទ័ព​ចិន​នៅ​ភ្នំហិម៉ាល័យ​

ទោះបី​ជា​រូបភាព​ពីផ្កាយ​រណប និង​ប្រភពព័ត៌​មាន​ជាច្រើន រួមទាំង​ប្រភព​ក្នុងស្ថាប័ន​សន្តិសុខ​របស់ឥណ្ឌាផង​នោះ បង្ហាញថា ចិនបាន​ចូលកាន់​កាប់ផ្នែកខ្លះ​នៃទឹកដីដែល​ធ្លាប់មាន​ជម្លោះ ចាប់តាំង​ពីការប៉ះ​ទង្គិចគ្នា​មក ប៉ុន្តែ​រដ្ឋាភិបាលរបស់​ លោក Modi បដិសេធ​​ មិន​ទទួលស្គាល់​​ ពី​ការ​បាត់បង់ទឹក​ដីណា​មួយ​ឡើយ។

លើសពី​នេះ ៥ថ្ងៃ​ បន្ទាប់​ពីលោក Kapur លើកឡើង​ពីភាពតានតឹង​ថ្មីៗនេះ រដ្ឋាភិបាល​ឥណ្ឌា​ នៅតែមិនទាន់​បញ្ជាក់​ឱ្យច្បាស់​ពីភាព​តានតឹង​នៅ​តាមព្រំដែននោះទេ ដោយ​គ្រាន់តែ​បន្ត​ការរិះគន់ចិន​ តាមទម្រង់ដដែលៗ​ដូចរាល់​ដងប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង