នគរបាលខណ្ឌដង្កោ បង្ហាញមុខចោរលួច និងជនដៃដល់វាយគូទំនាស់របួសធ្ងន់
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យ២នាក់ ដែលបានប្រព្រឹត្តបទល្មើស ២ផ្សេងគ្នា ហើយកម្លាំងនគរបាលខាងលើបង្ក្រាប និងឃាត់ខ្លួនបាន។ ក្នុងនោះមានជនសង្ស័យជាចោរលួចគ្រោងដែក សម្រាប់ចាក់សសរបេតុងម្នាក់ និងម្នាក់ទៀតជាជនដៃដល់ ក្នុងអំពើហិង្សាប្រើកណ្ដាប់ដៃ និងញញួរវាយក្បាលគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ។
ករណីទី១ ៖ អំពើចោរកម្មលួចគ្រោងដែកសម្រាប់ចាក់សសរបេតុងបានកើតឡើង កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ក្រុមហ៊ុន ហេងពីវ ស្ថិតនៅតាមផ្លូវលំ ភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ដែកឈ្មោះ ហួន សិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងក្រុមហ៊ុន ហេងពីវ ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
ជនសង្ស័យឈ្មោះ ម៉ន ម៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួលភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបក្ខពួកចំនួន០៣នាក់ទៀត បានរត់គេចខ្លួនបាត់។ នគរបាលដកហូតបានម៉ូតូម៉ាក CITY PLUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BR-8238 សណ្ដោងកន្ទុយរឺម៉ក និងដែកចាក់សសរប្រវែង៥ម៉ែត្រចំនួន១៧ដើម ។ ជនខាងលើត្រូវបាននគរបាលឃាត់ខ្លួននៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអញ្ជាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី២ ៖ អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនដៃដល់ បានប្រើកណ្ដាប់ដៃដាល់ និងយកញញួរដែក វាយក្បាលគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ ដែលផ្ដើមចេញពីរឿងទំនាស់និងគំនុំ។ ហេតុការណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១៥នាទីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យមានគ្នា២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា គឺទី១.ឈ្មោះ អេម សុបិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជននេះត្រូវជាបង ប្រើកណ្ដាប់ដៃដាល់ជនរងគ្រោះ និងត្រូវបាននគរបាលឃាត់ខ្លួនបាន ។ ទី២.ឈ្មោះ អេម សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ គឺជាប្អូនប្រុស បានប្រើញញួរវាយល្បាលជនរងគ្រោះ ហើយកំពុងរត់គេចខ្លួននៅឡើយ ។
ដោយឡែក ជនរងគ្រោះក៏មាន២នាក់ បានរងរបួសទាំង២នាក់តែម្ដង ក្នុងនោះម្នាក់ឈ្មោះ ឈៀង ថាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រងរបួសថ្ងាស១កន្លែង និងក្បាលខាងក្រោយផ្នែកខាងឆ្វេង១កន្លែង ។ ទី២.ឈ្មោះ ថា ថៃណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្ត រងរបួសបែកបបូរមាត់ខាងលើ១កន្លែង, ហើមលើផ្ទៃមុខ២កន្លែង និងដាច់រលាត់ក្រោមស្មាស្តាំ ១កន្លែង ហើយអ្នកទាំង២ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
នគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា អំពើហិង្សានេះ ផ្ដើមចេញពីរឿងគំនុំ ដោយជនសង្ស័យឈ្មោះ អេម សុបិន បានចោទជនរងគ្រោះឈ្មោះ ឈៀង ថាវ ថាបានរាយការណ៍ប្រាប់ប្រធាននៅកន្លែងធ្វើការឱ្យស្តីបន្ទោសខ្លួន រឿងខ្លួនតភ្លើងរថយន្តរបស់ក្រុមហ៊ុនតរញ៉េរញ៉ៃ ហើយជនសង្ស័យរូបនេះ ក៏បានណាត់ជនរងគ្រោះ ដើម្បីវាយគ្នាទៀតផង។ ដោយឡែកនៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P-9502 ឌុបគ្នាចេញពីបន្ទប់ជួលទៅធ្វើការនៅក្រុមហ៊ុន ស្ថិតនៅក្នុងភូមិម័ល ជិតបន្ទប់ជួល ដែលអ្នកទាំង២ស្នាក់នៅនោះដែរ ។
នគរបាល បានប្រាប់ឲ្យដឹងបន្តថា ពេលទៅដល់មុខច្រកចូលកន្លែងធ្វើការ ក៏ឃើញជនសង្ស័យឈ្មោះ អេម សុបិន កំពុងឈរនៅលើចិញ្ជើមផ្លូវ និងបានស្រែកហៅជនរងគ្រោះឈ្មោះ ឈៀង ថាវ ដែលកំពុងបើកម៉ូតូឱ្យឈប់។ ពេលនោះ ជនរងគ្រោះក៏បានបត់ម៉ូតូ ត្រលប់ក្រោយ ទៅជួបជនសង្ស័យឈ្មោះ អេម សុបិននោះ ហើយក៏មានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង រហូតមានការប្រវាយប្រតប់គ្នារវាងជនសង្ស័យឈ្មោះ អេម សុបិន និងជនរងគ្រោះ និងឈ្មោះ ឈៀង ថាវ ។
នគរបាល បានប្រាប់បន្តទៀតថា ខណៈនោះ ជនរងគ្រោះឈ្មោះ ថា ថៃណា ក៏បានចូលទៅឃាត់ចាប់បំបែកចេញ ហើយមិនមាននរណារងរបួសនោះទេ បន្ទាប់មក ជនរងគ្រោះទាំង២នាក់ ក៏បានជិះម៉ូតូចេញពីទីនោះ។ ប៉ុន្តែពេលជិះចេញបានបន្តិច ស្រាប់តែជនសង្ស័យឈ្មោះ អេម សុបិន លោតហក់ធាក់ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ ហើយជនសង្ស័យរូបនោះ ក៏បានចូលទៅវាយជនរងគ្រោះឈ្មោះ ថា ថៃណា ជាច្រើនដៃ។ បណ្ដាលឲ្យរងរបួសបែកបបូរមាត់ខាងលើ១កន្លែង, ហើមលើផ្ទៃមុខ ២កន្លែង និងដាច់រលាត់ក្រោមស្មាស្តាំ១កន្លែង ។
នគរបាល បានប្រាប់ឱ្យដឹងបន្ថែមថា បន្ទាប់មកឈ្មោះ អេម សំបូរ ត្រូវជាប្អូនប្រុសបង្កើតរបស់ឈ្មោះ អេម សុបិន បានជិះម៉ូតូទៅឈប់នៅកន្លែងកើតហេតុ រួចយកញញួរដែក វាយទៅលើជនរងគ្រោះឈ្មោះ ឈៀង ថាវ ត្រូវចំថ្ងាស១ញញួរ និងក្បាលខាងក្រោយ ផ្នែកខាងឆ្វេង ១ញញួរ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយវាយរួចឈ្មោះ អេម សំបូរ បានរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យឈ្មោះ អេម សុបិន ដែលជាបង រត់មិនទាន់ ក៏ត្រូវបាននគរបាលឃាត់ខ្លួនបានភ្លាមៗ រួចនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត) ៕


