កម្លាំងចម្រុះខេត្តស្វាយរៀង បង្ក្រាបទីតាំងឆបោក​អនឡាញ ២កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្ស ២៨នាក់

នៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក ម៉ែន អេង អភិបាលរងខេត្តបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចធ្វើសកម្មភាពឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំងស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុងបាវិត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតព្រមទាំងកម្លាំងបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗប្រចាំក្រុងបាវិត។

តាមរយៈការចុះត្រួតពិនិត្យជាក់ស្ដែងក្រុមការងារចម្រុះបានរកឃើញមនុស្ស និងដកហូតសម្ភារៈវត្ថុតាងព្រមទាំងលាតត្រដាងនូវល្បិចកលបន្លំលាក់បាំងយ៉ាងស្មុគស្មាញនៅតាមទីតាំងនីមួយៗដូចខាងក្រោម៖
១. ទីតាំងទី១ (ផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង)៖ មនុស្ស និងវត្ថុតាងដកហូត រកឃើញជនជាតិចិនចំនួន១៣នាក់ (ភេទប្រុស) លិខិតឆ្លងដែន១១ក្បាលកុំព្យូទ័រលើតុ (All In One) ១គ្រឿងកុំព្យូទ័រយួរដៃ១៥គ្រឿង ទូរសព្ទដៃចម្រុះ៥គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន១២គ្រឿង និងដុំ Wifi ចំនួន៥គ្រឿង។
ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះបានបើកអាជីវកម្មបិទមុខដោយមួយផ្នែកជាផ្ទះសំណាក់ និងមួយផ្នែកទៀតជាភោជនីយដ្ឋាន។ ចំណែកកន្លែងលួចធ្វើសកម្មភាពបទល្មើស គឺស្ថិតនៅផ្នែកខាងក្រោយផ្ទះសំណាក់ដោយរៀបចំបិទបាំងទូសម្ភារៈផ្ទះបាយ និងរៀបជញ្ជាំងបាំងមួយជាន់ទៀត។​ ជនល្មើសបានវះជញ្ជាំងតាមបន្ទប់ទឹកមួយជួរខាងលិចដើម្បីធ្វើជាផ្លូវសម្ងាត់ចេញចូលចល័តតាមបន្ទប់នីមួយៗហើយនៅជាប់របងខាងក្រោយបំផុតមានត្រៀមជណ្ដើរដែកចំនួន១ទុកសម្រាប់ផ្លោះរបងរត់គេចខ្លួនចេញទៅខាងក្រៅ។

២. ទីតាំងទី២ (ផ្នែកខាងក្រោយសាលាមត្តេយ្យរីករាយ) មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន១៣នាក់ (ស្រី១នាក់) និងជនជាតិខ្មែរចំនួន២នាក់ (ភេទស្រីជាបុគ្គលិកអនាម័យ) ដកហូតបានលិខិតឆ្លងដែន២ក្បាល កុំព្យូទ័រលើតុ (All In One) ១៣គ្រឿងទូរសព្ទដៃផ្ទាល់ខ្លួន២០គ្រឿង​ដុំ Wifi ២គ្រឿងនិងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BV-7172។

ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះចែកចេញជា ៣ផ្នែក ដោយផ្នែកខាងមុខបើកអាជីវកម្មសាលាមត្តេយ្យ ផ្នែកកណ្តាលបើកជាបន្ទប់សណ្ឋាគារ រីឯផ្នែកខាងក្រោយធ្វើពីស័ង្កសី និងបន្ទប់សណ្ឋាគារមួយចំនួន ត្រូវបានប្រើប្រាស់ជាកន្លែងលួចធ្វើសកម្មភាពល្មើស។ ទីតាំងប្រព្រឹត្តបទល្មើសនេះត្រូវបានបិទបាំងដោយជញ្ជាំងរៀបឥដ្ឋ និងមានច្រកសម្ងាត់ចេញចូលតាមទូសម្លៀកបំពាក់ ហើយនៅផ្នែកខាងក្រោយបំផុតជាប់របង មានរៀបចំតុផឹកតែចំនួន ១ ទុកសម្រាប់ជាន់ផ្លោះរបងគេចខ្លួនទៅខាងក្រៅ។

ក្រោយពីសមត្ថកិច្ចជំនាញបានត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកខាងលើ និងរកឃើញថាមានតម្រុយជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ក្រុមការងារចម្រុះបានសម្រេចប្រគល់មនុស្ស និងវត្ថុតាងទាំងអស់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង