អភិបាលរាជធានី​ ចុះពិនិត្យប្រឡាយ និង ស្ថានីយបូមទឹក ដោះស្រាយបញ្ហាទឹកលិចមុខម៉ុងឌីយ៉ាល់ និង មុខអតីតព្រលានយន្តហោះ

កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ និង អាជ្ញាធរខណ្ឌចំនួន ៣ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ និង ខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យមើលប្រឡាយ លូ និង ស្ថានីយបូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និង ចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ខណៈពេលដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយ និង ស្ថានីយបូមទឹកបឹងសាឡាង លោក ឃួង ស្រេង បានណែនាំឲ្យស្តារប្រឡាយបឹងសាឡាង និង សិក្សា ដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយនឹងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង ១ ០៥៣ ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។

ក្រោយពីបានពិនិត្យប្រឡាយ និង ស្ថានីយបូមទឹកបឹងសាឡាងហើយ លោក ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយ និង ស្ថានីយបូមទឹកទួលសំពៅ មហាវិថីឈ្នះឈ្នះ និង ណែនាំមន្រ្តីជំនាញ ពង្រីកស្ថានីយបូមទឹកទួលសំពៅ ឲ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តារប្រឡាយទួលសំពៅ ប្រវែង ៩ គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានណែនាំឲ្យសិក្សាពីគម្រោងអាទិភាព ដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរុស្ស៊ី ពិសេសចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយ និង ការសិក្សាធ្វើស្ថានីយបូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ជាមួយនេះ លោកអភិបាលរាជធានី ក៏បានណែនាំអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និង ប្រឡាយ ដែលធ្វើឲ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង