តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនអ្នកបើកបររថយន្តដឹកសិស្សសាលាប៊ែលធី និងចោទប្រកាន់អ្នកបើកបរម៉ូតូរត់គេចខ្លួន

អ្នកបើកបររថយន្តដឹកសិស្សសាលាប៊ែលធី ដែលបួងចង្កូតគេចទៅខាងស្តាំធ្លាក់ចូលក្នុងស្រះទឹក បណ្ដាលឱ្យបាត់បង់ជីវិតសិស្សស្រី ៥នាក់ និងសិស្ស ២១នាក់ផ្សេងទៀតរងរបួស ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មាន តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ជនត្រូវចោទចំនួន ២នាក់ រួមមាន៖ ឈ្មោះ ម៉ែន ធារិត (ហៅ ម៉ន ធារិត) អាយុ ៣១ឆ្នាំ (ត្រូវសមត្ថកិច្ចឃាត់ខ្លួន) ត្រូវបានចោទប្រកាន់ពីបទ៖ «បើកបរដោយខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់ និងដោយគ្មានបណ្ណបើកបរ» ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងនោះផងដែរ ជនមិនស្គាល់អត្តសញ្ញាណ (អ្នកបើកបរម៉ូតូរត់គេចខ្លួន) ត្រូវបានចោទប្រកាន់ពីបទ៖ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចស្តីពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់ និងបទរត់គេចខ្លួន»។

គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តដឹកសិស្សមួយគ្រឿងជ្រុលធ្លាក់ចូលស្រះទឹក កាលពីវេលាម៉ោង ៧:១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ រថយន្តដែលជួបគ្រោះថ្នាក់ជារថយន្តម៉ាក Mitsubishi ប្រភេទដឹកអ្នកដំណើរ ២៥កៅអី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។

ក្រោយពីបានសួរចម្លើយ ពិនិត្យភស្តុតាង និងពិភាក្សាដេញដោលលើមូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន ស្របតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ ម៉ន ធារិត នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង