អ៊ីរ៉ង់ ចោទ អាមេរិកពីបទឈ្លានពាន និងព្រមានពីការឆ្លើយតបយ៉ាងដាច់ណាត់ បើបើកការវាយប្រហារជាថ្មី
កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើសង្គ្រាមឈ្លានពានខុសច្បាប់ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ហើយព្រមានពីការឆ្លើយតបជាបន្ទាន់ និងដាច់ណាត់ រាល់ការវាយប្រហារយោធាថ្មីណាមួយពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu។

អនុតំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Gholamhossein Darzi ថ្លែងបែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយ អំពីស្ថានភាព ក្នុងតំបន់មជ្ឈិមបូព៌ា។
លោកចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា បានបំភ្លៃការពិត និងមិនអើពើនឹងឫសគល់នៃភាពតានតឹងក្នុងតំបន់។
លោក Darzi លើកឡើងថា អ៊ីរ៉ង់បានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់អំពីប្រភពដើមបញ្ហា ដោយចោទប្រកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួន ជាពិសេសតំណាងមកពីបណ្តាប្រទេសលោកខាងលិចថា ពួកគេជាអ្នកឈ្លានពាន តែបង្ហាញថា ជាជនរងគ្រោះវិញ។
លោក ថ្លែងទៅកាន់ក្រុមប្រឹក្សា៖ «យើងសោកស្តាយ ចំពោះជំហររបស់សមាជិកក្រុមប្រឹក្សាមួយចំនួន ជាពិសេសសមាជិកមកពីលោកខាងលិច បានបង្ហាញ។ សេចក្តីថ្លែងការណ៍របស់ពួកគេឆ្លុះបញ្ចាំងពីទម្លាប់ដដែលៗនៃការអនុវត្តស្តង់ដារពីរ និងភាពលាក់ពុតយ៉ាងច្បាស់ក្រឡែត»។
ដើម្បីឆ្លើយតប ទៅនឹងការលើកឡើងរបស់តំណាងសហរដ្ឋអាមេរិក លោក Darzi បានបន្តថា៖ «ទីក្រុងវ៉ាស៊ីនតោន មិនមានមូលដ្ឋានផ្លូវច្បាប់ នយោបាយ ឬសីលធម៌ណាមួយ ដើម្បីធ្វើការប្រៀនប្រដៅ ឬចោទប្រកាន់អ៊ីរ៉ង់នោះទេ។ សហរដ្ឋអាមេរិកគឺជាភាគីឈ្លានពាន មិនមែនជាជនរងគ្រោះឡើយ»។
លោកចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ដើរបង្កសង្គ្រាមដោយគ្មានហេតុផលត្រឹមត្រូវប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិកបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ដោយទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គំរាមកំហែងដល់ប្រជាជនអ៊ីរ៉ង់ដោយការបំផ្លិចបំផ្លាញ និងបិទផ្លូវដែនសមុទ្រ។

អ្នកការទូតអ៊ីរ៉ង់ទទូចថា គ្មានសេចក្តីសម្រេចណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អាចដកហូតសិទ្ធិដើមរបស់ខ្លួនពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយអាវុធនោះទេ។
លោក Darzi ក៏បដិសេធការលើកឡើងថា ទីក្រុងតេហេរ៉ង់ មិនមានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយការទូត ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនបានបោះបង់ចោលផ្លូវការទូតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកព្រមានថា រាល់សកម្មភាពយោធាថ្មីណាមួយ ពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល នឹងនាំឱ្យមានការឆ្លើយតបជាបន្ទាន់ពីទីក្រុងតេហេរ៉ង់៕
