កាន់តែក្តៅ! អារ៉ាប៊ីសាអូឌីត ជំរុញឱ្យសហភាពអឺរ៉ុបដាក់ ក្រុមហ៊ូធី ជាក្រុមភេរវកម្ម
ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងជំរុញឱ្យសហភាពអឺរ៉ុប ចាត់ទុកចលនាក្រុមហ៊ូធី នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ ថា ជាអង្គការភេរវកម្ម។ ប៉ុន្តែ រហូតមកដល់ពេលនេះ អារ៉ាប៊ីសាអូឌីត នៅមិនទាន់បានចម្លើយឆ្លើយតបពីភាគីអឺរ៉ុបនៅឡើយទេ ដោយសាតែអឺរ៉ុប បារម្ភថា ការធ្វើបែបនេះ អាចប៉ះពាល់ដល់ដំណើរការសន្តិភាពនាពេលអនាគត។ នេះបើយោងតាមមន្ត្រីអឺរ៉ុបចំនួន ៦ រូប ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ការព្យាយាមបែបនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់របស់ទីក្រុងរីយ៉ាដ ក្នុងការបង្កើនសម្ពាធអន្តរជាតិទៅលើក្រុមហ៊ូធី។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ូធី បានធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃ ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពីសង្គ្រាម ដែលបានចាប់ផ្តើមកាលពីជាងមួយទសវត្សរ៍មុន បានផ្ទុះឡើងវិញ។
បច្ចុប្បន្ន ក្រុមហ៊ូធី កំពុងស្ថិតនៅក្រោមវិធានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប រួមមានការហាមឃាត់ការនាំចេញអាវុធ និងការបង្កកទ្រព្យសម្បត្តិរបស់មេបញ្ជាការចំនួន ១២ រូប។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ក្រុមហ៊ូធី ថា ជាអង្គការភេរវកម្មរួចមកហើយ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប នៅមិនទាន់ចាត់ទុកក្រុមហ៊ូធី ថា ជាក្រុមភេរវករនៅឡើយទេ ខណៈដែលប្រទេសលោកខាងលិចផ្សេងទៀត រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា បានហៅក្រុមហ៊ូទីជាក្រុមភេរវកររួចមកហើយ។
អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលអារ៉ាប៊ីសាអូឌីត បានដឹកនាំសម្ព័ន្ធយោធាមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមនេះ ក្នុងនាមជាតំណាងឱ្យរដ្ឋាភិបាលយេម៉ែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្រោយពីក្រុមបះបោរហ៊ូធីបានវាយដណ្តើមកាន់កាប់រដ្ឋធានីសាណាអា និងបណ្តេញរដ្ឋាភិបាលចេញពីតំបន់នោះកាលពីឆ្នាំ ២០១៤។

យ៉ាងណាម៉ិញ បើតាមមន្ត្រីអឺរ៉ុបចំនួន ៦ ប្រទេសនៅអឺរ៉ុបមួយចំនួនមានក្តីបារម្ភថា ការដាក់ក្រុមហ៊ូធី ចូលក្នុងបញ្ជីក្រុមភេរវករ នឹងបិទផ្លូវទំនាក់ទំនងរវាងពួកគេ និងក្រុមនេះ ហើយអាចប៉ះពាល់ដល់ការចូលរួមរបស់អឺរ៉ុប នៅក្នុងដំណើរការសន្តិភាពនៅយេម៉ែន នាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ការដាក់ក្រុមហ៊ូធី ចូលក្នុងបញ្ជីភេរវកម្ម តម្រូវឱ្យមានការគាំទ្រជាឯកច្ឆន្ទពីសំណាក់រដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស។ រហូតមកដល់ពេលនេះ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលគាំទ្រ។
គួរបញ្ជាក់ថា រាជធានីរីយ៉ាដ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បានដឹកនាំយុទ្ធនាការយោធាដ៏ធំមួយប្រឆាំងនឹងក្រុមហ៊ូធី អស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលក្រុមនេះ ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ និងរដ្ឋាភិបាលស្របច្បាប់យេម៉ែន ដែលទទួលបានការគាំទ្រពីអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយក្នុងឆ្នាំ ២០២២។
ក្រោយមក បទឈប់បាញ់នោះ បានដួលរលំទៅវិញនៅក្នុងខែកក្កដា ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ូធី បានចោទប្រកាន់ទីក្រុងរីយ៉ាដថា បានទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានក្រុងសាណាអា។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរ បានធ្វើការវាយប្រហារឆ្លងព្រំដែន ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើនរយនាក់៕
