អ៊ីរ៉ង់ ប្រកាស បើកការវាយប្រហារសងសឹកលើប្រព័ន្ធរ៉ាដាយោធាអាមេរិក ក្នុងប្រទេស បារ៉ែន

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារទៅលើប្រព័ន្ធរ៉ាដាប្រកាសអាសន្នជាមុនរបស់អាមេរិក ដែលមានទីតាំងនៅលើទឹកដី បារ៉ែន ដែលនេះ ជាការអះអាងអំពីការវាយប្រហារលើទ្រព្យសម្បត្តិយោធាអាមេរិក នៅប្រទេសឈូងសមុទ្រជាលើកដំបូង គិតចាប់តាំងពីដើមខែកញ្ញាមក។

រូបភាព ៖ Reuters

បើតាមសេចក្តីថ្លែងការណ៍ ផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា បានស្រង់សម្តីកងឆ្មាំបដិវត្តន៍មកចុះផ្សាយថា ប្រតិបត្តិការនេះធ្វើឡើង ដើម្បីសងសឹកទៅនឹងអ្វីដែលពួកគេហៅថាជា ការវាយប្រហារតាមផ្លូវអាកាសទៅលើបង្គោលអង់តែនទូរគមនាគមន៍មួយកន្លែង ក្នុងស្រុក Sirik ខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

យ៉ាងណាមិញ សេចក្តីប្រកាសនេះ ធ្វើឡើងចំពេលដែលជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ តែផុយស្រួយ។ គួរឭលឹកថា ជម្លោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីមានការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ទៅលើភាគី អ៊ីរ៉ង់ មុននឹងរីករាលដាលពាសពេញតំបន់។

ក្នុងអំឡុងពេលមានភាពតានតឹងកន្លងមក អ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីល និងដ្រូន ទៅលើមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសឈូងសមុទ្រ ព្រមទាំងព្យាយាមរាំងបិទខ្ទប់ការដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រម៉ូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក ផងដែរ។ ជាការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់អ៊ីរ៉ង់វិញផងដែរ។

ជុំវិញការអះអាងខាងលើនេះ ភាគីសហរដ្ឋអាមេរិក និងបារ៉ែន នៅមិនទាន់មានប្រតិកម្ម ឬការឆ្លើយតបភ្លាមៗណាមួយនៅឡើយទេ។ ជាក់ស្ដែង មូលដ្ឋានទ័ព និងសព្វាវុធរបស់អាមេរិកនៅតំបន់ឈូងសមុទ្រ ធ្លាប់រងការវាយប្រហារជាបន្តបន្ទាប់កាលពីពេលកន្លងទៅ ក្នុងអំឡុងពេលសង្គ្រាមរយៈពេល ៨ខែជាមួយអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង