ព្រំដែនកម្ពុជា-ថៃ ត្រង់ខេត្តបន្ទាយមានជ័យនៅតែមានបទល្មើសឆ្លងដែនដូចជាលួចនាំបារី និងពលករទៅថៃ ទោះសភាពការណ៍តានតឹង និងមានការរឹតបន្តឹង

ទោះបីជាព្រំដែនកម្ពុជា-ថៃមានភាពតានតឹង និងមានការរឹតបន្តឹង និងមានការបង្រ្កាបបានជាបន្តបន្ទាប់លើបទល្មើសយ៉ាងណាក៏ដោយក៏ជនឆ្លៀតឱកាសនៅតែអាចប្រព្រឹត្តបទល្មើសនាំទំនិញ និងពលករឆ្លងដែនដដែក។ជាក់ស្តែងរយៈពេល២ថ្ងៃចុងក្រោយនេះ នៅតាមព្រំដែនកម្ពុជា-ថៃ ត្រង់ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវនៅតែមានករណីនាំបារីឆ្លងដែនពីកម្ពុជាទៅថៃបាន និងពលករកម្ពុជាបម្រុងឆ្លងដែនទៅថៃ។

បើយោងតាមការផ្សព្វផ្សាយរបស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ប្រចាំភូមិសាស្រ្តស្រុកម៉ាឡៃបានឱ្យដឹងថាសមត្ថកិច្ច បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ចំនួន ០៤ នាក់ (ស្រី ១ នាក់ កុមារ ១ នាក់ ) មកពីខេត្តសៀមរាប បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ និងម៉ូតូ ចំនួន ១ គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ផលិតឆ្នាំ ២០១១ ពាក់ស្លាកលេខ សៀមរាប 1L-1121 (សង្ស័យជាមធ្យោបាយរបស់ជនខិលខូចសម្រាប់ដឹកជញ្ជូន) ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសង្កែ ស្ថិតនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ក្រោយការទប់ស្កាត់ករណីខាងលើ ត្រូវបានប្រគល់បន្តនីតិវិធីដោយ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។

ចំណែកករណីមួយទៀតឈមនឹងភូមិសាស្ត្រ បឹងត្រកួន គឺកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងចម្រុះការពារព្រំដែនថៃបានស្ទាក់ចាប់បារីជាច្រើនសុង ដែលឈ្មួញនាំយកឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃតាមច្រករបៀង ស្ថិតនៅភូមិណឺនសំប៊ូន ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវឈមកម្ពុជា ភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមការបង្រ្កាបរបស់សមត្ថកិច្ចទាំងខាងកម្ពុជា និងថៃបទល្មើសឆ្លងដែននេះតែងកើតឡើងជាញឹកញាប់នៅតាមភូមិសាស្រ្តខាងកម្ពុជា មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកថ្មពួក រីឯខាងថៃជាភូមិសាស្រ្តដែលឈមជាមួយកម្ពុជា។បទល្មើសឆ្លងដែនពីកម្ពុជាទៅថៃភាគច្រើនជាការឆ្លងដែនរបស់ពលករកម្ពុជានិងបរទេស បារី និងស្រូវអង្ក។ ចំណែកទំនិញពីថៃឆ្លងមកកម្ពុជាជាប្រភេទសាច់បង្កក ប្រហិតចម្រុះ ឥវ៉ានចាប់ហួយ. សត្វគោ……….។ល។

ចំពោះការបង្រ្កាបរបស់សមត្ថកិច្ចទាំងពីរប្រទេសហាក់ស្រដៀងគ្នាដោយរាល់ការបង្រ្កាបភាគគីថៃភាគច្រើនបង្រ្កាបបានច្រើនតែទំនិញនាំចូលពីកម្ពុជាដូចជាបារី និងពលករឆ្លងដែនចំពោះទំនិញដែលថៃនាំចេញមកកម្ពុជាមានការបង្រ្កាបបានតិចតួចដូចជាការនាំចេញជាសាច់បង្កក ប្រហិត ឥវ៉ាន់ចាប់ហួយ៕

 

អត្ថបទដែលជាប់ទាក់ទង