យន្តហោះចម្បាំងណាតូ ទទួលបានសិទ្ធិបាញ់ទម្លាក់មីស៊ីលរុស្ស៊ី លើទឹកដីប៉ូឡូញ ខណៈវ៉ាសូវី ជំរុញឱ្យមានការពង្រាយទ័ពអាមេរិក
ប្រទេសប៉ូឡូញបានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ថា វ៉ាសូវី នៅតែបន្តជំរុញឱ្យមានវត្តមានយោធាអាមេរិកជាអចិន្ត្រៃយ៍នៅលើទឹកដីខ្លួន បន្ទាប់ពីការឈ្លានពានដែនអាកាសរបស់រុស្ស៊ីពីរដងក្នុងរយៈពេលបួនថ្ងៃ រួមទាំងការឈ្លានពានមួយ ដោយយន្តហោះចម្បាំងស៊ុយអែតមួយគ្រឿង ក្រោមការបញ្ជារបស់ណាតូ ត្រូវបានអនុញ្ញាតឱ្យបាញ់ទម្លាក់មីស៊ីលបញ្ជារបស់រុស្ស៊ី។ នេះបើតាមសារព័ត៌មាន Fox News ។

ការឈ្លានពានចុងក្រោយបំផុត បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ពេលដ្រូនរបស់រុស្ស៊ីមួយគ្រឿង បានហោះចូលទៅក្នុងដែនអាកាសប៉ូឡូញរយៈខ្លី អំឡុងពេលវាយប្រហារលើអ៊ុយក្រែន បួនថ្ងៃបន្ទាប់ពី មីស៊ីលបញ្ជារបស់រុស្ស៊ី Kh-101 ចំនួនបីគ្រាប់បានឆ្លងកាត់ចូលទៅក្នុងប្រទេសប៉ូឡូញ។ ហេតុការណ៍នេះ ជំរុញឱ្យណាតូប្រញាប់ប្រញាល់បញ្ចូនយន្តហោះចម្បាំង និងពង្រឹងការការពារដែនអាកាស តាមបណ្តោយផ្នែកខាងកើតរបស់ខ្លួន។
លោក Bogdan Klich មន្រ្តីទូតប៉ូឡូញប្រចាំទីក្រុងវ៉ាស៊ីនតោន លើកឡើងកាលពីថ្ងៃអង្គារ ថា ខ្លួនបានធ្វើសេចក្តីរាយការណ៍ដល់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអំពីការរំលោភទាំងនេះ និងបន្តការអំពាវនាវរបស់ទីក្រុងវ៉ាសូវីឱ្យដាក់កងទ័ពអាមេរិកជាអចិន្ត្រៃយ៍ នៅក្នុងប្រទេសសមាជិកណាតូ។
លោក Klich បង្ហោះលើបណ្តាញសង្គម X ៖ «កាលពីម្សិលមិញ ខ្ញុំបានរាយការណ៍ ជូនក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក អំពីការរំលោភដែនអាកាសប៉ូឡូញដោយមីស៊ីល Kh-101 របស់រុស្ស៊ី ហើយបានពិភាក្សាម្តងទៀត អំពីបញ្ហានៃការដាក់ពង្រាយកងទ័ពអាមេរិកជាអចិន្ត្រៃយ៍ ក្នុងប្រទេសប៉ូឡូញ»។
ការជំរុញផ្នែកការទូតជាថ្មីនេះ កើតឡើង បន្ទាប់ពីឧប្បត្តិហេតុ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិយោធារបស់រុស្ស៊ី និងការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែននឹងរីករាលដាលដល់ទឹកដីណាតូ។
ការឈ្លានពាន នៅថ្ងៃទី២០ ខែវិច្ឆិកា ពាក់ព័ន្ធនឹងអ្នកបើកយន្តហោះចម្បាំង JAS 39 Gripen របស់ស៊ុយអែត កំពុងប្រតិបត្តិការក្រោមបញ្ជារបស់ណាតូ ត្រូវបានអនុញ្ញាតឱ្យបាញ់មីស៊ីល Kh-101 របស់រុស្ស៊ី។ នេះបើយោងតាម Ireneusz Nowak មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធប៉ូឡូញ។
លោក Nowak បានឱ្យដឹងថា មជ្ឈមណ្ឌលប្រតិបត្តិការដែនអាកាសរួមរបស់អង្គការណាតូ នៅទីក្រុង Uedem ប្រទេសអាល្លឺម៉ង់ បានចេញការអនុញ្ញាតដែលមានលក្ខខណ្ឌឱ្យធ្វើការបាញ់ប្រហារ ប៉ុន្តែអ្នកបើកយន្តហោះ មិនអាចកំណត់អត្តសញ្ញាណវត្ថុនោះបានច្បាស់ឡើយ ទាំងតាមរយៈការមើលដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធអុបទិក-អេឡិចត្រូនិក នៅលើយន្តហោះ ដោយសារតែអាកាសធាតុអាក្រក់ខ្លាំង ហើយគ្មានការបាញ់អាវុធណាមួយ ត្រូវបានធ្វើឡើងនោះទេ៕
