សហស្ថាបនិកក្រុមហ៊ុន OceanGate អះអាងអាចបញ្ជូនមនុស្សទៅរស់នៅភពសុក្រ ក្នុងឆ្នាំ ២០៥០

សហស្ថាបនិកក្រុមហ៊ុន OceanGate ដែលជាក្រុមហ៊ុនសាងសង់នាវាមុជទឹក Titan ជួបសោកនាដកម្មផ្ទុះក្រោមបាតសមុទ្រ ស្លាប់មនុស្ស ៥ នាក់រួមទាំងស្ថាបនិកក្រុមហ៊ុនផ្ទាល់ផងនោះ ឥលូវនេះ ចេញមកអះអាងថា លោកអាចបញ្ជូនមនុស្សឱ្យទៅរស់នៅលើភពសុក្របានដោយសុវត្ថិភាព នៅក្នុងឆ្នាំ ២០៥០ ខាងមុខ។

លោក Guillermo Söhnlein សហស្ថាបនិកក្រុមហ៊ុន OceanGate បានសាងសង់សហគមន៍ជាសកលមួយ សម្រាប់អ្នកដែលចូលចិត្តភពសុក្រ ដើម្បីឱ្យពួកគេអាចប្រើជីវិតរស់នៅលើភពនោះបានដោយសុវត្ថិភាព។ ជាក់ស្ដែងតាមរយៈការបង្ហោះលើ blog ផ្ទាល់ខ្លួន លោក Guillermo Söhnlein បានអះអាងថា៖ «ពួកយើងអាចចាប់ផ្ដើមដំណើរទៅកាន់ភពសុក្ររបស់យើងបាននៅថ្ងៃនេះ ហើយប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»។

យ៉ាងណាមិញ បើតាមការលើកឡើងពីអ្នកវិទ្យាសាស្ត្រភាគច្រើន បានឱ្យដឹងថា ភពសុក្រគឺមិនអាចឱ្យមនុស្សរស់នៅបាននោះឡើយ ដោយសារតែសីតុណ្ហភាពរបស់វាក្ដៅខ្លាំង ហើយបរិយាកាសពោរពេញទៅដោយអាស៊ីតស៊ុលផួរិច។ មួយវិញទៀត បើទោះបីជាភពមួយនេះ ចាត់ទុកជាភពបងប្អូននឹងភពផែនដីយើងមែន ប៉ុន្តែបរិយាកាសរបស់វាគឺមិនដូចគ្នានឹងភពផែនដីនោះឡើយ។

ដោយឡែក បើតាមការលើកឡើងរបស់លោក Söhnlein លោកបានពន្យល់ថា គម្រោងបញ្ជូនមនុស្សទៅរស់នៅភពសុក្រនេះ គឺមិនមែនបំណងទៅជាន់លើដីភពសុក្រនោះឡើយ ប៉ុន្តែលោកគ្រោង នឹងសាងសង់ទីក្រុងអណ្តែតប្រមាណ ៥០ គីឡូម៉ែត្រពីផ្ទៃដីភពសុក្រ ដើម្បីអាចឱ្យមនុស្សរស់នៅបាន។ ក្នុងរយៈកម្ពស់នេះ កម្លាំងទំនាញគឺប្រហាក់ប្រហែលនឹងទំនាញផែនដី ៩៨% ដោយហេតុនេះហើយលោកជឿជាក់ថា វាសុវត្ថិភាពសម្រាប់មនុស្សអាចរស់រានបាន។

បន្ថែមពីនេះ ចំពោះសម្ពាធខ្យល់ក្នុងរយៈកម្ពស់នោះ ក៏សមមូលទៅនឹងភពផែនដីដែរ ហើយសីតុណ្ហភាពវិញ គឺអាចស្ថិតក្នុងចន្លោះពី ៣០-៥០ អង្សាសេ។ ដោយឡែកចំពោះអាស៊ីតស៊ុលផួរិចក្នុងបរិយាកាសវិញ លោកលើកឡើងថា បញ្ហានេះអាចដោះស្រាយបានដោយការពាក់របាំងមុខអុកស៊ីហ្សែន៕

អត្ថបទដែលជាប់ទាក់ទង