កំពុងផ្ទុះការិះគន់ ក្រោយស្រីស្អាតលក់ទឹកក្រឡុកល្បីនៅថៃជួលសន្ដិសុខដេញអ្នកអត់ទិញកុំឱ្យថតនាង

បើនិយាយពីអ្នកលក់ដូរក្នុងក្រុងបាងកក ប្រទេសថៃ មនុស្សភាគច្រើនប្រាកដជាធ្លាប់បានឮហើយ ពីស្រីស្អាតលក់ទឹកក្រឡុកដ៏ល្បីល្បាញម្នាក់ ដែលមានតូបលក់នៅផ្សាររាត្រី Jodd Fairs។ ស្រីស្អាតលក់ទឹកក្រឡុកនៅថៃនេះដែរ ផ្ទុះល្បីខ្លាំងកាលពីឆ្នាំ ២០២២ ដែលបានទាក់ទាញភ្ញៀវជាច្រើន មិនថាតែភ្ញៀវជាតិ សូម្បីភ្ញៀវអន្តរជាតិ ក៏នាំគ្នាទៅផ្សាររាត្រី Jodd Fairs ដើម្បីតែបានជួបបានឃើញរូបសម្រស់របស់នាងដោយផ្ទាល់ផងដែរ។

តាមរបាយការណ៍ព័ត៌មានមួយចំនួនបានឱ្យដឹងទៀតថា ដោយសារតែមនុស្សសម្រុកទៅតូបនាងច្រើនពេក ស្រីស្អាតលក់ទឹកក្រឡុករូបនេះ ក៏បានជួលសន្តិសុខ ឱ្យមកការពាររូបនាង ពីអ្នកគាំទ្រផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ ស្រីស្រស់លក់ទឹកក្រឡុកនៅ Jodd Fairs កំពុងរងការរិះគន់ និងមិនពេញចិត្តខ្លាំងពីភ្ញៀវមួយចំនួន ចំពោះអត្តចរិតខ្មឺត មិនរួសរាយរបស់នាង។

តាមមហាជនមួយចំនួន បានលើកឡើងថា នារីលក់ទឹកក្រឡុកនេះ គឺលែងឱ្យភ្ញៀវដែលមិនទិញទឹកក្រឡុកនាង ថតរូបនាងទៀតហើយ។ អ្នកដែលចង់ថតរូបនាង គឺត្រូវតែចាយលុយយ៉ាងហោចណាស់ ១៥០ បាត ទិញទឹកក្រឡុកសិន ទើបអាចថតបាន។ មហាជនបានលើកឡើងបន្ថែមថា នាងនឹងឈរបែរខ្នងភ្លាមដាក់អ្នកដែលមិនទិញទឹកក្រឡុកនាង ហើយករណីខ្លះទៀត ភ្ញៀវទាំងនោះថែមទាំងត្រូវសន្តិសុខរបស់នាង បណ្ដេញចេញទៀតផង។

គួរឱ្យដឹងថា តាមភ្ញៀវដែលទៅផ្សារ ហើយដើរកាត់តូបរបស់នាង បាននិយាយដែរថា តូបលក់ទឹកក្រឡុករបស់ស្រីស្អាតនេះ គឺមិនសូវមានមនុស្សសម្រុកទៅដូចពីមុនឡើយ ខណៈមហាជនមួយចំនួនទៀតលើកឡើងថា តម្លៃទឹកក្រឡុកខាងតូបនាង ក៏ថ្លៃខ្លាំងជាងតូបដទៃដែលមិនសូវល្បីផងដែរ៕

ប្រភព៖ 8days

អត្ថបទដែលជាប់ទាក់ទង