និស្សិតចុះកម្មសិក្សា ៤៦ នាក់ជិះក្នុងឡានក្រុងមួយ តៃកុងមិនប្រយ័ត្នជ្រុលបង្កូតបុ.កជញ្ជាំងភ្នំនៅមណ្ឌលគិរី
នៅវេលាម៉ោងជាង ៩ ព្រឹក ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីរថយន្តក្រុង ដឹកនិស្សិតកសិកម្មធ្វើកម្មសិក្សាខេត្តមណ្ឌលគិរី សរុបចំនួន ៤៦ នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកកម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។
តាមប្រភពបានឱ្យដឹងថា តាមរយៈស្នងការរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី លោក ចាន់ ទិត្យ បានបញ្ជាក់ថា មានរថយន្តក្រុងមួយគ្រឿង ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។
លោកស្នងការរងបានបន្តប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងបន្ថែមថា នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ហើយក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន ៤៦ នាក់ រួមមានព្រះសង្ឃ ០៣ អង្គ ដោយមានអ្នករបួសធ្ងន់សរុប ០៣ នាក់ (ស្រី ០២ ប្រុស ០១) និង របួសស្រាលសរុបចំនួន ១១ នាក់ (ស្រី ០៤ ប្រុស ០៧) ៕
ប្រភព ៖ កម្ពុជាថ្មី