សាលាភ្នំពេញ ឱ្យអាជ្ញាធរអនុវត្តនិងផ្សព្វផ្សាយវិធានការទប់ស្តាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់ពលរដ្ឋ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ត និងផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅដល់ពលរដ្ឋ និងម្ចាស់អាជីវកម្មឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
បើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការទប់ស្តាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្រ្ជាំង ការដុតសំរាម-សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ អាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស ឬបរិក្ខារសំណង់ផ្សេងៗ និងម្ចាស់អាជីវកម្មដឹកដី អំពីវិធានការទប់ស្តាត់ការហុយធូលី ឬភាគល្អិតនិចលនៅក្នុងខ្យល់ និងការបង្ហូរសំណល់ផ្សេងៗ ចេញពីទីតាំងប្រភពបំពុល។
សេចក្ដីណែនាំដដែរបានបន្ថែមថា អាជ្ញាធរត្រូវណែនាំដល់ម្ចាស់អាជីវកម្មរថយន្តដឹកដី ខ្សាច់ ក្រួស ថ្មសំណង់ រៀបចំគ្របឱ្យបានត្រឹមត្រូវចៀសវាសកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវពេលដឹកជញ្ជូន និងត្រូវអនុវត្តវិធានការច្បាប់ចំពោះម្ចាស់អាជីវកម្ម ម្ចាស់សំណង់ និងអ្នកទទួលការសាងសង់សំណង់ ចំពោះការរំលោភចំណីថ្នល់ផ្លូវសាធារណៈដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងបង្កការហុយធូលីនៅតាមផ្លូវ និងទីសាធារណៈ។
លើសពីនេះ អាជ្ញាធរត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដាក់វិធានការដល់ម្ចាស់អាជីវកម្ម ដឹកដី ខ្សាច ក្រួស ថ្ម សំណង់ ស៊ីម៉ងត៌ ឬបរិក្ខារសំណង់ផ្សេងៗ ត្រូវសម្អាតកម្ចេចដែលកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវ និងលាងសម្អាតផ្លូវដែលខ្លូនបានដឹកជញ្ជូនឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តទៅតាមវិធានការដែលបានណែនាំ រដ្ឋបាលខណ្ឌ ត្រូវផ្អាកការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្ន ។ ត្រូវបន្តជំរុញការចុះអប់រំប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យចូលរួមទប់ស្ដាត់ ការដុតវាលស្មៅ ដុតសំរាម-សំណល់រឹងនៅតាមទីវាលទីលានចាក់សំណង់ផ្សេងៗ។
ជាមួយគ្នានេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយផ្អែកតាមស្ដង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់ ពីយានយន្តដែលបានកំណត់ដោយសារាចរ។ មន្ទីរ អង្គភាពពាក់ព័ន្ធរាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យនូវកម្រិតកំណត់ស្ដង់ដាស្ពាន់ធ័រដែលមានផ្ទុកក្នុងប្រេងឥន្ធនៈ តាមការកំណត់របស់ក្រសួងនៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈនានាក្នុងរាជធានីភ្នំពេញ៕