ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ សាខាកាកបាទក្រហមខេត្តក្រចេះ បានទទួលថវិកាបរិច្ចាគពីសប្បុរសជនសរុប ៤៣៥លានរៀល ស្មើនឹងជាង ១២ម៉ឺនដុល្លារ ដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហម

ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាសរុប ៤៣៥ លានរៀល ស្មើនឹងជាង ១២ ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះក្នុងឱកាសនៃពិធីអបអរសាទរខួបលើកទី១៦២ នៃកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម និងខួបលើកទី៧០ ឆ្នាំនៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅព្រឹកថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្តក្រចេះ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់។

ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាកថវិកាដ៏ច្រើននេះដើម្បីចូលរួមក្នុងការជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះ ។ការបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សប្បុរសជន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ហើយការចែករំលែកនេះ គឺជាផលបុណ្យមួយដែលបានយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់អ្នកដែលងាយរងគ្រោះ និងជាការបង្ហាញពីវប្បធម៌ចែករំលែកករបស់ខ្មែរផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការប្រារព្ធទិវាកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា គឺជាការរម្លឹកទៅដល់ការបង្កើតឱ្យមានស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅលើពិភពលោក ដែលចាប់កំណើតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៦៣ និងការចាប់ផ្តើមរបស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥។ ហើយកម្ពុជា បានចូលជាសមាជិកសមាគមជាតិទី៨៥ នៅលើសកលលោក ដែលត្រូវបានទទួលស្គាល់ និងបានបញ្ជូលជាសមាជិករបស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបានបម្រើបុព្វហេតុមនុស្សធម៌ជួយទៅដល់ជ នរងគ្រោះទាំងឡាយដោយពុំមានការរើសរើងបែងចែកវណ្ណៈ ពូជសាសន៍ និងនិន្នាការនយោបាយនោះទេ។ ឯកឧត្តម ប្រធានកិត្តិយស បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបាន

ឯកឧត្តម ប្រធានក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តក្រចេះ ដែលបានធ្វើសកម្មភាពរហ័សទាន់សភាពការណ៍ដែលបានកើតនៅក្នុងមូលដ្ឋាន តាមរយៈការនាំយកអំណោយ និងសម្ភារៈផ្សេងៗ ដើម្បីអន្តរាគមន៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជួយសង្គ្រោះ និងសម្រួលការលំបាកជូនប្រជាពលរដ្ឋដែលរងគ្រោះជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំបន្ថែមទៀត ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋងាយរងគ្រោះ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានក្រាប់បង្គំ និងគោរពថ្លែងអំណរគុណសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានជម្នះគ្រប់បែបយ៉ាងកៀរគរសប្បុរសជននានា ដើម្បីឱ្យសមាគមជាតិមានធនធានបន្ដផ្ដល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្ដពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលគ្រឹះរបស់ចលនាអន្ដរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៕

អត្ថបទដែលជាប់ទាក់ទង