សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងចូលរួមលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់​ និងបារី ដល់ប្រជាពលរដ្ឋកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមា គម ATIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូន សម្ដេចធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគម ATIC ដែលក្នុងរយៈពេលកន្លងមក ដែលបាមចូលរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤៥០០ កន្លែង និង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, លោកប្រធានសមាគមបានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុង​ការងារសង្គមជាច្រើនដូចជា​ ការផ្តល់ឧបករណ៍ទឹកស្អាត,​ ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ​ និង ការជួយដល់សហគមន៍ ជាដើម។ ក្រៅពីនេះ, លោកប្រធានសមាគមបានគូសបញ្ជាក់ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផលថ្នាំជក់​ និងបារី ដល់ប្រជាពលរដ្ឋ។

បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសមាគម ATIC, សម្ដេចធិបតីបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។ ជាមួយគ្នានោះដែរ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងពិនិត្យយន្តការនានា ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលើកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់។

មុននឹងបញ្ចប់, សម្ដេចធិបតីបានគូសបញ្ជាក់សាជាថ្មីថា​ រាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ៕

អត្ថបទដែលជាប់ទាក់ទង