រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន
កោះកុង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់ សម្រាប់ជួយ សម្រួលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនៅជនបទ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ ខ្សែ ប្រវែង ២ ៣០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, លូប្រអប់មុខបីចំនួន ២ កន្លែង, លូប្រអប់មុខពីរ១ កន្លែង, លូមូលមុខបី ចំនួន ២ កន្លែង និងលូមូលមុខពីរចំនួន ១ កន្លែង ស្ថិតនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទាក់ទិនការស្ថាបនានេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា និងប្រកបដោយ គុណភាព ព្រោះមិនថាផ្លូវ ស្ពាន ឬលូនោះឡើយ, គឺមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក្នុងការធ្វើដំណើរទៅទទួលសេវាសាធារណៈដូចជា ស្វែងរកសេវាអប់រំ សេវាសុខាភិបាល និងដឹកជញ្ជូនកសិផលទៅទីផ្សារជាដើម ។
ឯកឧត្តម ផូ ផារិទ្ធ ក៏បានលើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន, គិតមកដល់បច្ចុប្បន្ន ក្រសួងបានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទ មានប្រវែងសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ ស្ថិតក្រោមថវិកាវិនិយោគ ផ្ទាល់របស់រាជរដ្ឋាភិបាល ៕