នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវរកមុខអ្នកផ្សព្វផ្សាយកៀរគរថវិកាក្នុងបំណងឆបោក
នាយកដ្ឋានបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកក្រោមហេតុផលកៀរគរថវិកាសប្បុរសធម៌។ ករណីនេះ បានកើតឡើងក្រោយមានការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែឧសភា ដោយការវាយឆ្មក់របស់ទ័ពថៃ បណ្តាលឱ្យយោធិនខ្មែរមួយរូប បានពលីជីវិត។
ការកៀរគរសប្បុរសជនចូលរួមជាបច្ច័យដល់គ្រួសារនៃសពព្រឹន្ទបាលឯក សួន រ៉ោន និងកៀរគរថវិកាពីសប្បុរសជនឱ្យមានការចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈផ្សេងៗ ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន មានចំនួនកាន់តែច្រើន។
បច្ចុប្បន្ន នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា កំពុងធ្វើការកំណត់ និងស្រាវជ្រាវអំពីគណនី ឬទំព័របណ្តាញសង្គមដែលផ្សព្វផ្សាយក្នុងគោលបំណងឆបោក ហើយព្រមានចំណាត់ការតាមផ្លូវច្បាប់ចំពោះអ្នកដែលបានប្រព្រឹត្ត។ «នាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់»៕