សម្តេចតេជោ ហ៊ុន សែន៖ ដរាបណានយោបាយជ្រុលនិយមនៅតែកើតមានក្នុងប្រទេសកម្ពុជា គឺប្រទេសកម្ពុជាយើងនៅតែមានហានិភ័យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមានក្នុងប្រទេសកម្ពុជា គឺប្រទេសកម្ពុជាយើងនៅតែមានហានិភ័យ។ ត្រូវតែមានវិធានការក្នុងការកម្ចាត់នូវនយោបាយជ្រុលនិយមនេះ ហើយធ្វើចំពោះតែក្រុមណា ឬជនណាដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធច្បាប់ ឬការធ្វើបដិវត្តន៍ពណ៌ ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ នោះរាជាដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧ មករា។

សម្តេចតេជោក៏បានមានប្រសាសន៍ទៅកាន់បណ្ដាគណបក្សសម្ព័ន្ធភាព ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់ភាពនិយមជ្រុល ជាក់ស្ដែងដូចជាបញ្ហាព្រំដែននេះជាដើម គឺត្រូវចូលរួមទប់ស្កាត់កុំឱ្យមានភាពជាតិនិយម ឬញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងធ្វើឱ្យប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសជិតខាង ដែលជារឿងមួយមិនគប្បីនោះទេ។ សម្ដេចតេជោក៏បានប្រាប់ទៅដល់បណ្ដាគណបក្សនយោបាយសម្ព័ន្ធភាពថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវ ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សនយោបាយទាំងអស់ផងដែរធ្វើយ៉ាងណាដើម្បីឈានទៅទៅដល់ការធ្វើវិសោធនកម្មច្បាប់ ទាក់ទងទៅនឹងការបោះឆ្នោតព្រឹទ្ធសភា ដើម្បីពង្រីកបន្ថែម និងបង្កើននូវគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត និងការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង