សម្ដេចធិបតី ៖ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានវិភាជន៍ថវិកា ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គម

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានវិភាជន៍ថវិកា ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដោយមានអ្នកទទួលផលចំនួន ៤៤ម៉ឺននាក់ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើង ដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានគិតគូររៀបចំដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ស្របតាមការវិវត្តជាក់ស្តែងនៃសង្គមនិងសេដកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពក្នុងការផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ចំណាយជួលផ្ទះ និងបន្ទប់ស្នាក់នៅដល់សិស្ស-និស្សិត ដែលមានជីវភាពលំបាក និងការសិក្សាលទ្ធភាពផ្តល់ឥណទានសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក៏បានគិតគូរបន្ថែមផងដែរ ចំពោះកម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ និងការសិក្សាលទ្ធភាពក្នុងការដាក់ឱ្យដំណើរការកម្មវិធីលំនៅឋានតម្លៃសមរម្យ សម្រាប់ពលរដ្ឋដែលមានចំណូលទាបនិងងាយរងគ្រោះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព ជីវភាពពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រោមស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ជាដាច់ខាត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឱ្យដឹងដែរថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមបានគ្របដណ្តប់លើពលរដ្ឋសរុប ១,២លានគ្រួសារ សមមូលពលរដ្ឋ ៤,៨៤លាននាក់ ស្មើនឹង ២៨ភាគរយនៃពលរដ្ឋសរុប។ សម្តេចបន្ថែមថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកា ២៥៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីដូចជា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ មានអ្នកទទួលផលចំនួន ៤៤ម៉ឺននាក់, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សានិងមធ្យមសិក្សា មានសិស្សទទួលផលជាង៤៣ម៉ឺននាក់, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពមកពីគ្រួសារក្រីក្រដែលមានអ្នកទទួលផលជាង ៥ម៉ឺននាក់, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាអាយុ ៦០ឆ្នាំឡើងមកពីគ្រួសារក្រីក្រ ដែលមានអ្នកទទួលផលជាង ៣៨ម៉ឺននាក់ ៕

អត្ថបទដែលជាប់ទាក់ទង