សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យកសិកម្ម នៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះ ក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិ
(ភ្នំពេញ)៖ វិស័យកសិកម្ម នៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះ ក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិ ទោះបីសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងវិវត្ដរីកចម្រើន ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្ដការយកចិត្ដទុកដាក់ និងផ្ដល់អទិភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលជាវិស័យអទិភាព និងបន្ដដើរតួនាទីដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ។
សម្ដេចធិបតី បានបន្ដថា ទោះបីជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងវិវត្ដរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏ជារួម វិស័យកសិកម្ម នៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះ ក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិយើង ។
សម្ដេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា គោលដៅយុទ្ធសាស្រ្ដ នៃវិស័យកសិកម្ម នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ គឺការបន្ដពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទូលាយ សំបូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍនៅតាមទីជនបទ ធានាបាននូវសន្ដិសុខស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ និងជំរុញភាពប្រកួតប្រជែង ដែលនឹងលើកកម្ពស់គុណភាព ជីវិតនៅទីជនបទ ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ និងគាំទ្រការអភិវឌ្ឍសហគមន៍ កសិកម្មទំនើប តាមរយៈការរៀបចំកញ្ចប់ថវិកាមួយចំនួន ដើម្បីត្រៀមជូនដល់បណ្ដាសហគមន៍កសិកម្មទំនើប ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២ បន្ថែមទៀត និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្នុងខេត្តចំនួន៧ រួមមាន ៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ពីលើសហគមន៍កសិកម្មដែលមានស្រាប់សរុបចំនួន ២ ៦០១ សហគមន៍។ ក្នុងនោះផងដែរ សហគមន៍កសិកម្មទាំងនេះ មានមុខដំណាំយុទ្ធសាស្រ្ដចំនួន ៤ ដូចជា ៖ ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃដី ១១៤ ០២១ ហិកតា ហើយមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លា ។
បន្ថែមពីនេះ សហគមន៍កសិកម្មទំនើបចំនួន៦ កំពុងតែមានការគាំទ្រពីរាជរដ្ឋាភិបាល ជាប្រាក់កម្ចី ការប្រាក់ទាបក្នុងរង្វង់ ៧%/ឆ្នាំ សម្រាប់ការធ្វើជាទុនបង្វិល ក្នុងទឹកប្រាក់ប្រមាណ ១,៩លានដុល្លារ។ លើសពីនោះ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លា បន្ថែមទៀតដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបជូនសហគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ គឺឆ្នាំ ២០២៥-២០២៧ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា រាជរដ្ឋាភិបាល បាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅតាមបណ្ដាខេត្តមួយចំនួន និងផ្ដោតលើមុខដំណាំ ដែលមានសក្ដានុពលខ្ពស់ ដូចជា ៖ ស្វាយចន្ទី កៅស៊ូ និង ទុរេន ជាដើម ៕