រដ្ឋមន្រ្តីក្រសួងកសិកម្មធ្វើបទអន្តរាគមន៍លើប្រធានបទវិស័យកសិកម្ម ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើបទអន្តរាគមន៍របស់ លើប្រធានបទវិស័យកសិកម្ម ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

គួរបញ្ជាក់ថាបន្ទាប់ពីរៀបចំធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំពិភាក្សាយ៉ាងផុលផុស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា។

សមាជរដ្ឋសភា និងព្រឹទ្ធសភា មានការចូលរួមពីសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងសមាសភាពរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់។

ដោយឡែកក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃ កិច្ចប្រជុំសមាជរដ្ឋសភា និង ព្រឹទ្ធសភាលើវិស័យកសិកម្មបានបញ្ជាក់ដែរថាតាមការសិក្សារបស់ជំនួយការគណៈកម្មាធិការសមាជវិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក។ គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួម ចំណែកប្រមាណ ១៦,៧ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩ ៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១ ២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ការចូល រួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣ភាគរយ ផ្នែកផលិតកម្មសត្វ ១៥,៤ភាគរយ ផ្នែកជលផល ២០ភាគរយ និងផ្នែកព្រៃឈើ ៣,៣ភាគរយ។

សេចក្តីប្រកាសនេះបានបន្តឱ្យដឹងថា សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយប្រឈមរបស់ប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោល នយោបាយអាទិភាព ទី៥ និងទី៦ ចំនួន ៣ចំណុច មាន៖ ១)ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ ២) រក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ទី៣)ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយឥស្សរជន ជំនាញ បានអញ្ជើញផ្តល់បទអន្តរាគមន៍ ជូនអង្គសមាជ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមាន កម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ ១) យន្តការសម្របសម្រួលនិងកម្មវិធី ហិរញ្ញ ប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ២) ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍ កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុង ការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាបន្ទាប់ពីការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្ម និងការបកស្រាយរបស់រាជរដ្ឋាភិបាលទៅលើមតិ ពិភាក្សាដែលអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើង អង្គប្រជុំសមាជបានអនុម័តសេចក្តីព្រាងសេចក្តី សម្រេចស្តីពី វិស័យកសិកម្ម ដោយទទួលបានការគាំទ្រចំនួន ១៧៩សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង