កា​កបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ដល់សាខា​កាក​បា​ទក្រហម​កម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុត

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាល​ទុក្ខ​លំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយ​ផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនេះជាការឧបត្ថម្ភថវិកាលើកទី១៤ បើគិត​ចាប់តាំងពីឆ្នាំ២០០៨មក។

ពិធីប្រគល់-ទទួលថវិកាខាងលើបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុនសែន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា ។

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយកាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះ​ថ្លែងអំណរគុណនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយ​ដល់​ប្រជា​ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

លោកជំទាវបណ្ឌិត សង្ឃឹមថា ថវិកា ៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយ​សម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅ​រាជធានីភ្នំពេញបានមួយផ្នែកថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ដែលតែង​តែ​បានយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយនឹងប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជន​ងាយ​រងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពារ​ពីសង្គមឡើយ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ថវិកា​ឧបត្ថម្ភ​​ដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហម​កម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែល​ថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខាប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរង​គ្រោះ​ក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង