សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី

(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនជាចំណងដៃដល់ប្រជាពលរដ្ឋ នៅខេត្តរតនគិរី ខណៈពិធីនេះ បានប្រារព្ធធ្វើនៅក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹង​ថា នៅទូទាំងខេត្តនាពេលបច្ចុប្បន្ននេះ មានមត្តេយ្យសិក្សា គ្រប់រូបភាព​ចំនួន ២២៨កន្លែង, បឋមសិក្សាចំនួន២៣៨, អនុវិទ្យាល័យចំនួន២២, វិទ្យា​ល័យ​ចំនួន១៨ និងសាលាឯកជន ចំនួន៥០៦កន្លែង។ ចំនួន​សិស្ស​សរុប ៦៣.៥២៣​នាក់ ស្រី៣១,០២២នាក់ ក្នុងនោះសិស្សជនជាតិដើម​ភាគ​តិច ២៧,៤៧៣នាក់ ស្រី ១៣,៤៧៨នាក់ និងបុគ្គលិកអប់រំសរុប ចំនួន ១,៧១៩នាក់ ស្រី ៧៧៩នាក់ ។

ខេត្តរតនគិរី បានរៀបចំគាំទ្រសាលារៀនស្ដង់ដាគំរូសាធារណៈ ចំនួន ៤០កន្លែង ក្នុង​​នោះ មត្តេយ្យសិក្សា ១កន្លែង បឋមសិក្សា ២៤កន្លែង និងមធ្យមសិក្សា​១៥​កន្លែង ព្រមទាំងរៀបចំគាំទ្រ ការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំ​ចំនួន ៣កន្លែងគឺ មត្តេយ្យសិក្សា ១កន្លែង និងវិទ្យាល័យ ២កន្លែង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯក​ជន​នៅក្នុងខេត្តរតនគិរី បើធៀប៥ឆ្នាំមុនកើនឡើង ៨២សាលា ចំនួនសិស្ស​កើនឡើង ៤,១៧០នាក់ ស្រី ១,៩៨១នាក់។

កាលពីឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី​កម្ពុជា ពេលអញ្ជើញចុះជួប មន្ត្រីរាជការនៅតាមខេត្ត សម្តេចបានឆ្លៀតចុះ​តាម​​សាលារៀន ហើយបានផ្តល់ជាអគារសិក្សា អគារស្នាក់នៅ អគារ​ទី​ចាត់​ការ និងហេរចនាសម្ព័ន្ធនៅតាមសាលានានារាប់ពាន់ខ្នង។ ខេត្តរតនគិរី ក៏ត្រូវបានសម្តេចតេជោ ផ្តល់នូវអគារនានា ជាច្រើនផងដែរ ។

ឯកឧត្តមអភិបាលខេត្តរតនគិរី បានឱ្យដឹងទៀតថា គិតមកទល់ពេលនេះ ​សំណង់​អគារ​សិក្សាជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន មានចំនួន ៤៨ខ្នង ស្មើនឹង ៣០២បន្ទប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀត។ ក្នុងនោះ​សំណង់​​ហេដ្ឋា​រចនាសម្ព័ន្ធអប់រំដែលមិនទាន់បានធ្វើ ពិធីសម្ពោធមាន ២៦​កន្លែង និងខ្លោងទ្វារចំនួន ៤កន្លែង រួមមាន៖ អគារ​សិក្សាចំនួន ១៤កន្លែង ស្មើនឹង ១១០បន្ទប់ អាគារទីចាត់ការចំនួន ៨កន្លែង ស្មើនឹង ៣២បន្ទប់ អគា​រ​សយនដ្ឋានចំនួន ៥កន្លែង ស្មើនឹង ៩១បន្ទប់ អគារពិសោធន៍ ចំនួន ១កន្លែង ស្មើនឹង ៥បន្ទប់។

តាមរយៈការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពេលបច្ចុ​ប្បន្ន ធ្វើឱ្យការងារអប់រំក្នុងខេត្តរតនគិរី មានការវិវឌ្ឍយ៉ាងល្អប្រសើរ ពោល​កា​រ​សិក្សាអប់រំនៅក្នុងខេត្តនេះ មិនស្ថិតនៅឆ្ងាយដូចចម្ងាយដីរបស់ខេត្ត ​ពី​រាជធានីភ្នំពេញ នោះឡើយ ។

ឯកឧត្តម ញែម សំអៀន បានបន្ថែមថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិរយៈពេល៥ឆ្នាំ ចុងក្រោយ ខេត្តរតនគិរី ទទួលបានលទ្ធផលដូចតទៅនេះ៖ សិស្សជាប់និទ្ទេស A ចំនួន ៣២នាក់, និទ្ទេស B ចំនួន ២១០នាក់, និទ្ទេស C ចំនួន ៨៣៤នាក់, និទ្ទេស D ចំនួន ១.៨៨២នាក់ និងនិទ្ទេស E ចំនួន ១,៩២៧នាក់ ។ សិស្សប្រលងជាប់សរុប ៤,១៨៣នាក់ ក្នុងនោះសិស្សជា​ជនជាតិដើម​ភាគ​តិចចំនួន ២,០០១នាក់។ បើធៀបនឹង ៥ឆ្នាំមុនមានសិស្សប្រឡងជាប់​ត្រឹម​តែ ៥១៨នាក់ ។

ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវក្ដីរីរាយ និងបានអំណរគុណចំពោះរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាជ្ញាធរដែនដីមុនៗ ដែលបានខិតខំកសាងប្រទេស អភិវឌ្ឍនៅតាមមូលដ្ឋានតាំងពីគ្រាលំបាក ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងបន្តអភិវឌ្ឍ តាមរយៈកិច្ចខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិនេះជាបន្តទៅទៀត ។

សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល អភិវឌ្ឍន៍នៅតំបន់ណាមួយ យើងគិតទាំងអស់ ទាំងជនជាតិភាគតិច ប្រពៃណីវប្បធម៌ គោលនយោបាយដីធ្លី សហគមន៍ជនជាតិភាគតិច ដោយផ្ដល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់គ្នា ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការឱ្យស្ថាប័នជំនាញ ពិនិត្យលើថវិកា ដើម្បីកសាងសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានកាន់តែច្រើននៅឆ្នាំក្រោយ រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផង ដើម្បីធ្វើយ៉ាងណា ឱ្យកូនចៅប្រជាពលរដ្ឋយើងបានរៀនចប់មធ្យមសិក្សាឱ្យបានកាន់តែច្រើន និងចេះជំនាញវិជ្ជាជីវៈកាន់តែច្រើន។

សម្ដេចធិបតីបញ្ជាក់ថា ទ្រព្យរយៈពេលវែងរបស់យើង គឺធនធានមនុស្ស ដែលជាទ្រព្យរីកឥតឈប់ឈរ ៕

អត្ថបទដែលជាប់ទាក់ទង