លោក Trump ប្រដូចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដូចក្មេងវ៉ៃគ្នាលើសួន
បរទេស៖ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានប្រដូចសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែន ទៅនឹងក្មេងៗវ៉ៃគ្នា នៅសួនកុមារ ហើយបើទោះបីជា មានគេព្យាយាម បំបែកចេញ ក៏នៅតែមិនចេញ ពីគ្នាដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ Nypost។
ប្រធានាធិបតីអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ បាននិយាយដូច្នេះ ក្នុងពេលជួបមេដឹកនាំអាល្លឺម៉ង់ នៅឯសេតវិមាន។ លោកបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គឺស្រដៀងទៅនឹងកុមារ ដែលកំពុងប្រយុទ្ធគ្នា នៅលើសួន Playground ដែលពិបាក នឹងបំបែកចេញ។
លោកថា «ពេលខ្លះ អ្នកឃើញក្មេងពីរនាក់ កំពុងវាយគ្នា ដូចឆ្កួត…ពួកគេស្អប់គ្នា ទោះបីមានអ្នកព្យាយាមទាញពួកគេ ឱ្យដាច់ពីគ្នា.. ពួកគេមិនចង់ចេញពីគ្នាដែរ
ទាល់តែទុកឱ្យឈ្លោះគ្នា មួយសន្ទុះ ហើយបន្ទាប់មក ចាំញែកពួកគេ ចេញពីគ្នា»។
លោក Trump បានអះអាងថា លោកក៏បានលើកឡើង ពីការប្រដូច បែបនេះ ក្នុងពេលជួបលោក Putin តាមទូរស័ព្ទ កាលពីថ្ងៃពុធដែរ។ តែ លោក Trump មិនបាននិយាយ ពីប្រតិកម្ម របស់ប្រធានាធិបតីរុស្ស៊ី នោះឡើយ។ ផ្ទុយទៅវិញ មេដឹកនាំរុស្ស៊ី បានប្រាប់លោក Trump ពីផែនការវាយប្រហារអ៊ុយក្រែន បន្ថែមទៀត បន្ទាប់ពីប្រតិបត្តិការសម្ងាត់របស់លោក Zelensky កាលពីសប្តាហ៍មុន បានបំផ្លិចបំផ្លាញយន្តហោះចម្បាំង, ហេដ្ឋារចនាសម្ព័ន្ធ, យន្តហោះគ្មានមនុស្សបើក ព្រមទាំង ការទម្លាក់គ្រាប់បែក លើស្ពាន Kerch Strait ភ្ជាប់ទៅកាន់ Crimea ចុងក្រោយ ផងដែរ។
យ៉ាងណាមិញ នេះមិនមែន ជាលើកទី១ទេ ដែល មេដឹកនាំ ធ្លាប់សន្យាបញ្ចប់សង្គ្រាម ត្រឹម២៤ ម៉ោងរូបនេះ ព្យាយាមដាក់បន្ទុក លើភាគីទាំងពីរ ក្នុងនោះ លោក Trump ធ្លាប់បានរិះគន់លើ លោក Zelensky ថា ជា “ជនផ្តាច់ការបានអំណាច ដោយគ្មានការបោះឆ្នោត” នៅក្នុងខែកុម្ភៈ ផងដែរ។ លោក Trump ក៏ធ្លាប់ដៀល លោក Putin ថា «ពិតជាឆ្កួតហើយ» ក្រោយពេលដែលរុស្ស៊ី បានទម្លាក់គ្រាប់បែក លើទឹកដីអ៊ុយក្រែន កាលពីខែមុន៕
ប្រភពពី៖ Nypost