រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូប្រជុំជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីការងាររបស់ក្រសួងព័ត៌មាន រយៈពេល ២២ខែ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មានមកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានកាលពីឆ្នាំកន្លងទៅ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារយៈពេល ២២ខែមកនេះ ក្រសួងព័ត៌មាន បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន ហើយបានផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងតាមតម្រូវការស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត ក្នុងពេល២២ខែមកនេះ ក្រសួងព័ត៌មាន សម្រេចបានការងារធំៗជាច្រើន សម្រាប់ប្រទេសជាតិគួរជាទីមោទនៈដោយបានផ្សព្វផ្សាយពីសក្តានុពល និងកិត្យានុភាពជាតិដ៏លេចធ្លោរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

ដំណើរវិវត្តនៃវិស័យព័ត៌មាន និងសោតទស្សន៍ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានលក្ខណៈល្អប្រសើរក្នុងឆ្នាំកន្លងទៅ ស្របតាមចក្ខុវិស័យដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលអ្នកផ្សំនឹងការដាក់ចេញនូវគោលដៅ និងផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ដែលបានឆ្លើយតបចំទិសដៅក្នុងក្របខណ្ឌនៃកំណែទម្រង់។

ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាននឹងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។

ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និងជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈឆ្នាំជាងមកនេះ ខណៈក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល (AI)។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥, អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថាសេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត»៕

អត្ថបទដែលជាប់ទាក់ទង