បុរសម្នាក់ ជាប់ចោទពីបទ«ឆបោក»ក្រោយក្លែងឯកសារដើម្បីប្រមូលលុយ​​ ថា​យក​ទៅជួយ​កងទ័ពនៅព្រំដែន

សាលាដំបូងខេត្តព្រះសីហនុ បាន​ចោទ​ប្រកាន់បុរសម្នាក់ ដែលជាមន្ត្រីជាប់កិច្ចសន្យា​នៅ​មន្ទីរ​​ទេសចរណ៍ខេត្ត ពី​បទ«ឆបោក» ក្រោយជននេះ បានក្លែងបន្លំឯកសារ​ដើម្បី​​​ប្រ​មូល​​​​​ប្រាក់ពីអាជីវករ និងថាយកប្រាក់នោះទៅ​ជួ​យក​ងទ័ពនៅព្រំដែន។

បើតាមសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះ​ថ្ងៃទី៨ ខែមិថុនា ជនជាប់ចោទជាមន្ត្រីជាប់កិច្ចសន្យាមន្ទីរទេសចរណ៍ខេត្ត និង​មាន​តួនាទី​​ជា​អ្នកវេចខ្ចប់សំបុត្រ និងចែកសំបុត្រ​។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានរៀបរាប់អំពីសកម្មភាពឆបោក របស់ជនសង្ស័យ​ ថារូបគេបានទៅហាង​ថតចម្លងឯកសារ​មួយកន្លែ​ង​ ដែលនៅ​ម្ដុំ​ផ្សារ​លើ និងបាន​ឱ្យបុគ្គលិកនៅទីតាំងថតចម្លង ​វាយឯកសារតាមអ្វីដែល​រូប​គេ​ប្រាប់។ ឯកសារនោះ មានខ្លឹមសារថា៖ «ក្នុងនា​មខ្ញុំជារដ្ឋបាលសាលាខេត្ត សូមអំពាវនាវដល់​អាជីវករ​ទាំងអស់ ឱ្យចូលរួម​បរិច្ចាគថវិកា​បន្តិចបន្តួច ដើម្បីឧបត្ថម្ភ​ជួយដល់បងៗ​ទាហាន​ការពារព្រំដែន ដើម្បី​លើកទឹកចិត្តនិងជំនួយស្មារតី ឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ»។

​បន្ទាប់មក ជនល្មើសក៏បោះពុម្ពឯកសារនោះចេញ រួចដាក់ចូលទៅក្នុងស្រោមសំបុត្រ ដែល​ជា​ស្រោមសំបុត្រផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនៅសល់ក្រោយពីជនល្មើស​ចែក​​​សំបុត្រ​កន្លងមក។ ជនល្មើសបានយកសំបុត្រទាំងនោះ នៅឱ្យម្ចាស់សណ្ឋាគារ​នានា នៅក្នុង​ខេត្តព្រះសីហនុជាហូរហែ ដើម្បីស្នើសុំប្រាក់។ ជាលទ្ធផល ប្រមូលបានប្រាក់​ប្រ​មាណ​​៥០​ដុល្លារ។

​ក្រោយការស្រាវជ្រាវ ជនល្មើសត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ហើយត្រូវបានតំណាង​អយ្យ​ការសម្រេច​ បើកការចោទប្រកាន់​រូបគេ បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត​ព្រះ​សីហនុ ពីបទឆបោកស្ថានទម្ងន់ទោស តាមបញ្ញត្តិ មាត្រា៣៧៧ មាត្រា៣៨០ ចំណុច​ទី២ និងទី៤ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៣៨០ ចំណុចទី២ និងទី៤ នៃក្រមព្រហ្មទណ្ឌ ចែកថា បុគ្គលដែលតាំងខ្លួន​ជាអ្នក​រាជ​ការ​សាធារណៈ និងបុគ្គលដែលអំពាវនាវដល់សាធារណជន ដើម្បីអង្គាសមូល​និធិ​សម្រាប់​ជា​ជំនួយមនុស្សធម៌ ឬសង្គមកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ទៅឆ្នាំ៥ ពីអំពើ​ឆ​បោក​។

មាត្រា៣៧៧ បានពន្យល់ពីអំពើឆបោក ជាការបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬ​ដោយប្រើឧបាយកលទុច្ចរិត៕

អត្ថបទដែលជាប់ទាក់ទង