រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ច​សហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ​ចូល​រួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ​សម្ដេចបវរ​ធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាត​ឱ្យលោកជំទាវ និង​គណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។

លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌​នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀង​ក្នុង​វិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហ​ប្រតិបត្តិ​ការ​ល្អរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យអប់រំ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។

សម្តេចធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគីលើវិស័យផ្សេងៗទៀត ។

សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រសួងយុត្តិធម៌ទាំងពីរ ជំរុញ​ការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់៕

អត្ថបទដែលជាប់ទាក់ទង