អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យម្ចាស់ក្លិប រង្គសាល ខារ៉ាអូខេ ពង្រឹងប្រព័ន្ធបង្ការអគ្គិភ័យនៅទីតាំងខ្លួន
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានណែនាំឱ្យម្ចាស់ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិនក្នុងខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងទីតាំងអាជីវកម្មខ្លួនជៀសវាងបញ្ហាអគ្គិភ័យ និងស្នើសុំស្តង់ដាចំណាត់ថ្នាក់ជីវកម្ម។
តាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ រួមមានក្លិប ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាបទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង និងយកចិត្តទុកដាក់រៀបចំសម្បទាឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសអាជីវកម្ម ដើម្បីទប់ស្កាត់បញ្ហាអគ្គិភ័យ។
«ត្រូវរៀបចំរៀបចំច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ប្រព័ន្ធផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ ក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុ។»។ នេះជាការណែនាំរបស់រដ្ឋបាលខេត្តសៀរាប មុននឹងបញ្ជាក់ឱ្យ ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ រួមមានក្លិប ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងអស់ ឱ្យស្នើសុំស្តង់ដាចំណាត់ថ្នាក់អាជីវកម្មផង។ ស្តង់ដាចំណាត់ថ្នាក់ជីវកម្ម ជាលក្ខខណ្ឌក្នុងការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ស្របតាមច្បាប់។
អាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញឱ្យម្ចាស់អាជីវកម្មមណ្ឌលកម្សាន្ត ក្លិប ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងអស់ ឱ្យពន្លឿនការស្នើសុំស្តង់ដាចំណាត់ថ្នាក់អាជីវកម្ម ដើម្បីអនុវត្តស្របតាមច្បាប់។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប៕