ខេត្ដសៀមរាប នឹងរៀបចំបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅតំបន់សហគមន៍កំពង់ភ្លុក បឹងទន្លេសាប នាថ្ងៃចុងសប្ដាហ៍នេះ

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា សម្រាប់បុណ្យសមុទ្រទឹក​សាបកម្ពុជា លើកទី៣នេះ រៀបចំឡើងក្រោមកិច្ចសហការគ្នារវាង​រដ្ឋបាលស្រុក និងអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីជាច្រើន ដូចជា កម្មវិធីទស្សនា​បឹងទន្លេសាប ការហែក្បួនទេសចរណ៍ ការបង្ហាញផលិតផលទេសចរណ៍ក្នុងឃុំកំពង់ភ្លុក ការដង្ហែតុក្កតាយក្ស ការប្រណាំងទូកលក្ខណៈកម្សាន្ត រួមជាមួយនឹងកម្មវិធីកម្សាន្ត និងអប់រំជាច្រើនទៀត។

បុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទ​ចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។

លោក បានលើកឡើងបន្ថែមថា តាមរយៈព្រឹត្តការណ៍នេះដែរ និងក្លាយជាចំណែកមួយបន្ថែមទៀត ក្នុងជំរុញវិស័យទេសចរក្នុងខេត្តសៀមរាប ​ឱ្យកាន់តែមានភាពទាក់ទាញនៅរដូវបៃតង ខណៈនៅតំបន់​កំពង់ភ្លុកនារដូវនេះ កំពុងមានភាពទាក់ទាញខ្លាំង​ជាមួយទេសភាពបៃតង ជា​មាត់បឹងទន្លេសាប។ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជំរុញផលិតផលក្នុងស្រុក ចេញ​ទៅឱ្យភ្ញៀវទេសចរក៏តែស្គាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង