លោក Trump ហាមអ៊ីស្រាអែលកុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំទាស់នឹងផែនការរបស់អ៊ីស្រាអែល ដែលចង់សម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Khamenei នេះបើតាមមន្ត្រីអាមេរិក។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ AFP កាលពីថ្ងៃអាទិត្យ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឲ្យដឹងថា « អ៊ីស្រាអែលមានផែនការ វាយប្រហារ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ តែ ប្រធានាធិបតី Trump បានប្រឆាំង ហើយបានប្រាប់អ៊ីស្រាអែល កុំឱ្យធ្វើ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ Fox News ថា «ខ្ញុំនឹងមិនចូល ទៅដល់រឿង នេះទេ»។ យ៉ាងណាមិញ លោកបាននិយាយថា «ប៉ុន្តែ ខ្ញុំអាចប្រាប់អ្នកថា … យើងនឹងធ្វើអ្វី ដែលយើងត្រូវធ្វើ ហើយខ្ញុំគិតថា សហរដ្ឋអាមេរិកដឹង ពីអ្វីដែលល្អ សម្រាប់អាមេរិក» ។
ការអត្ថាធិប្បាយនេះ បានកើតឡើង នៅពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តបាញ់កាំជ្រួចមីស៊ីល ដាក់គ្នា ពោលគឺបន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារដ៏ភ្ញាក់ផ្អើល លើអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ បីថ្ងៃមកនេះ អ៊ីរ៉ង់ថា ស្លាប់មនុស្ស ប្រមាណ២២៤នាក់ ហើយខាងអ៊ីស្រាអែលវិញ មានសេចក្តីរាយការណ៍ថា ស្លាប់ជាង១០នាក់៕
ប្រភពពី៖ AFP