យ៉ាងហោចណាស់ មនុស្ស ២នាក់បាត់ខ្លួន ក្នុងគ្រោះជំនន់ទឹកភ្លៀង
ព្រះសីហនុ/កោះកុងៈ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀងហូរច្រោះដាច់ផ្លូវ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនានេះ។
លោកស៊ុំ តារ៉ាវុធ នាយប៉ុស្តិ៍នគរបាលសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុបានឱ្យដឹងនៅថ្ងៃចន្ទ ទី២៣ខែមិថុនានេះថា ស្រ្តីឈ្មោះទ្រី ផល្លី អាយុ៥៤ឆ្នាំបានបាត់ខ្លួន នៅខណៈពេលដែលកំពុងតែជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តាមផ្លូវចូលរមណីយដ្ឋានក្បាលឆាយ ដែលត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់កាលពីព្រឹកថ្ងៃអាទិត្យ។
លោកបញ្ជាក់ថា៖«គាត់ធ្វើការជាចុងភៅនៅក្រុងព្រះសីហនុ ហើយជិះម៉ូតូធ្វើដំណើរចូលទៅក្បាលឆាយ ទៅផ្ទះវិញ។ ជនរងគ្រោះរកមិនទាន់ឃើញទេ។ ឃើញតែម៉ូតូ ហើយកម្លាំងកំពុងតែបន្តរកទៀត»។
អភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ក្នុងកម្រិតទឹកខ្ពស់ ដែលបានធ្វើឱ្យមានទឹកជំនន់នៅតំបន់ក្បាលឆាយ។ ជំនន់ទឹកភ្លៀងនេះ បានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាព រដ្ឋបាលខេត្តក៏បានណែនាំឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ។
ក្នុងករណីដាច់ដោយឡែកមួយទៀត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគិរីសាគរ ខេត្តកោះកុង លោក ជីប សារិទ្ធ ក៏កំពុងតែត្រូវបានបាត់ខ្លួន នៅថ្ងៃដដែលនោះផងដែរ នៅពេលដែលលោក ចុះហែលឆ្លងទឹក នៅផ្លូវមួយកន្លែង ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ស្ថិតក្នុងភូមិតានី ឃុំភ្ញីមាស។
នៅមុនពេលហែលទៅផ្នែកម្ខាងនៃផ្លូវ ដើម្បីទៅជួយជួសជុលស្ពាន ដែលទឹកហូរបុកបាក់នោះ លោកសារិទ្ធក៏បានពាក់អាវពោងការមួយផងដែរ។ ប៉ុន្តែដោយសារតែកម្លាំងទឹកហូរខ្លាំងពេក ក៏បានកួចលោកចូលទៅក្នុងលូបាត់រហូតមក។ ក្រុមការងារកំពុងតែស្វែងរកលោកបន្តទៀត មកដល់រសៀលថ្ងៃចន្ទនេះ។
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើ របបខ្យល់មូសុងនិរតី និងប្រទេស កម្ពុជា។ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនានេះ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។ ក្នុងនោះរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ។
រីឯនៅតំបន់ខ្ពង់រាប ក៏អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%ផងដែរ ដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ។
ចំពោះតំបន់មាត់សមុទ្រវិញ ដូចជាខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%៕