ប្រាក់បៀវត្សមន្រ្តីរាជការជាង១០,៧លានដុល្លារ ត្រូវបានរកឃើញបើកលើស ក្នុងរយៈពេល៣ឆ្នាំ

ភ្នំពេញៈ ប្រាក់បៀវត្សជាង១០,៧លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានរកឃើញបើកលើស ជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅចន្លោះឆ្នាំ២០២២ និង២០២៤កន្លងមក ដែលក្នុងនោះ ប្រាក់បៀវត្ស ជាង៩លានដុល្លារត្រូវបានបង្វែរចូលថវិកាជាតិវិញ។

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងនាថ្ងៃចន្ទ ទី៧ ខែកក្កដានេះថា ក្នុងឆ្នាំ២០២២-២០២៣ និង ២០២៤ ក្រសួងមុខងារសាធារណៈបានរកឃើញប្រាក់បៀវត្សសរុបចំនួនសរុប ៤៣ ១៥៥ ៩៤០ ៤០០ រៀល ឬជាង១០,៧លានដុល្លារ ត្រូវបានបើកជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើស។ ក្នុងនោះ នៅថ្នាក់ជាតិមានចំនួន ១១ ១០៥ ១៣៩ ៥៤៤រៀល និងថ្នាក់ក្រោមជាតិមានចំនួន ៣២ ០៥០ ៨០០ ៨៥៦រៀល។

ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមប្រាក់បៀវត្ស ដែលបើកលើសនោះ មានប្រាក់បៀវត្សសរុប ៣៦ ៩៣៤ ២៩៣ ៧២៦រៀល ឬជាង៩,២លានដុល្លារត្រូវបានបង្វែរចូលថវិកាជាតិវិញរួចរាល់។ ប៉ុន្តែប្រាក់បៀវត្សសរុប ៦ ២២១ ៦៤៦ ៦៧៤ រៀល ឬជាង១,៥លានដុល្លារនៅមិនទាន់បង្វែរនោះទេ។

ក្រសួងមុខងារសាធារណៈបានកំពុងតែជំរុញឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបង្វែរថវិកា ដែលនៅសេសសល់ទាំងនោះមកចូលថវិកាជាតិវិញផងដែរ។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា៖«ការបង្វែរប្រាក់បៀវត្សចូលថវិការដ្ឋវិញ មានមូលហេតុមកពី ពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស ការចូលនិវត្តន៍មុនកាលកំណត់ ការលុបឈ្មោះដោយមរណភាព ការបញ្ចប់មុខតំណែង ការលាឈប់ពីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ ការទទួលប្រាក់បៀវត្សរដ្ឋ ២ កន្លែង»។

ACUក៏បានឱ្យដឹងផងដែរថា ក្នុងឆមាសទី១ ២៥៩ពាក្យប្ដឹងត្រូវបានទទួល ក្នុងនោះពាក្យប្ដឹងអនាមិកមាន ៨៦ (៣៣,២០%)។ រីឯ ពាក្យប្ដឹងចំនួន ២០ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្ដឹងចំនួន ១១៥ ក្រោយវិភាគ ស្រាវជ្រាវ សុំការបំភ្លឺ ឃើញថាមិនពាក់ព័ន្ធអំពើពុករលួយ, អន្តរាគមន៍ឱ្យជួយដោះស្រាយ ៧ ពាក្យប្ដឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧ សំណុំរឿង, កំពុងបន្តនីតិវិធីស្រាវជ្រាវ ១១៤ ពាក្យប្ដឹង, កំពុងដំណើរការ ៣ បណ្តឹង។

ACUក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែសរុបចំនួន ៤៦ ពាក្យប្ដឹង ផងដែរ។

ACU នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក៏បានប្រកាសបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប។ សំណុំរឿងនេះមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។

ស្របជាមួយគ្នានេះតុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២ សំណុំរឿងមកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ តុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។

ACU បានឱ្យដឹងថា សំណុំរឿងទាំង ៣២នេះ មានទាំងអស់ ២៤ ៨៥២ទំព័រ។ អង្គភាពប្រឆាំងអំពើពុកលួយបាន ចាត់មន្ត្រីចំនួន១០រូប អានឯកសារទាំងនេះមួយខែទើបបានចប់។

អង្គភាពប្រឆាំងអំពើពុកលួយបញ្ជាក់ថា៖«តួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាបគឺជាសាក្សី។ រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និងស ថាវី វិញ អ្នកទាំង២នេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង»។

លោកស៊ាន បូរ៉ាត់ និង ស ថាវី ក៏ធ្លាប់ត្រូវបានតុលាការខេត្តសៀមរាប កោះហៅទៅបំភ្លឺលើករណីនេះផងដែរ។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ មេធាវី​រាជរដ្ឋាភិ​បាល​បាន​ទទួល​សិទ្ធិ​ជួយ​ការ​ពារ​ក្តី ជូនប្រជា​ពលរដ្ឋ​ជិត៥ពាន់​នាក់ នៅក្នុងប្រទេស ដែលរងគ្រោះពីការបោកប្រាស់របស់ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធី​របស់​អតីត​ឧកញ៉ា ​ឡេង ​ចាន់ណា តាមរយៈដាក់ប្រាក់វិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង