សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ មានដូចជា អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់ ។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
តាមរបាយការណ៍បានឱ្យដឹងថា អគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែលសម្ពោធនាពេលនេះ ស្ថិតក្នុងគ្រឹះស្ថានសិក្សា ចំនួន៦ រួមមាន៖ ១៖ វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ។ អគារសិក្សាត្រូវសម្ពោធមានចំនួន ២ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទប់។ អគារនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ២៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ។ អគារសិក្សាត្រូវសម្ពោធចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ៣៖ វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី។
អគារត្រូវសម្ពោធមានអគារសិក្សាចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់, អគារទីចាត់ការចំនួន១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង៣បន្ទប់ និងផ្ទះគ្រូបង្រៀនចំនួន ១ខ្នង កម្ពស់២ជាន់ ស្មើនឹង ២០បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ៤៖ សាលាបឋមសិក្សាជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី។ អគារ ត្រូវសម្ពោធរួមមានអគារសិក្សាចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់ និងអគារទីចាត់ការចំនួន១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង ៣បន្ទប់។
អគារទាំងនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ៥៖ វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន។ អគារដែលត្រូវសម្ពោធ មានអគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។ ៦៖ អនុវិទ្យាល័យ រត្នមុន្នីគិរីឧត្តម ស្ថិតក្នុងស្រុកបសេដ្ឋ។ អគារត្រូវសម្ពោធរួមមាន អគារសិក្សាចំនួន១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ និងអគារទីចាត់ការចំនួន ១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង៣បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ នាពេលនេះ គឺជាការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល លើកកម្ពស់នូវសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតផងដែរ ។ សមិទ្ធផលក្នុងវិស័យអប់រំនេះ នឹងជួយដល់វិស័យអប់រំ នៅក្នុងខេត្តកំពង់ស្ពឺ ។
សម្ដេចធិបតី បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺចង់ឱ្យគ្រប់សាលារៀនទាំងអស់ មានបំពាក់ឧបករណ៍សិក្សា រៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្ន សាលារៀនភាគច្រើន គឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ ។
សម្តេចធិបតី បានថ្លែងថា សមិទ្ធផលដែលកើតមាន នៅខេត្តកំពង់ស្ពឺ គឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ។
សូមជម្រាបថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន១, វិទ្យាល័យចំនួន ៣៣សាលា (រដ្ឋ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា(រដ្នា ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣នាក់ ។
នៅទូទាំងខេត្តកំពង់ស្ពឺ មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។ ជាមួយគ្នានេះ សាលារៀន ជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា (ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។ ចំពោះសាលារៀន ជាប់ជាអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ១សាលា នៅវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន ៕