ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និងឧស្ម័នពីប្រទេសថៃនោះទេ
ពោធិ៍សាត់៖ ស្របពេលដែលភាគីថៃ នៅតែបន្តកុហកបោកប្រាស់ប្រជាពលរដ្ឋខ្លួន និងសាធារណជនថា កម្ពុជានៅបន្តនាំចូលភ្លើងពីប្រទេសថៃ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់សារជាថ្មីថា បច្ចុប្បន្ននេះប្រទេសកម្ពុជាពុំមានការនាំចូលថាមពលអគ្គសនី ប្រេងសាំង និងឧស្ម័នពីប្រទេសថៃនោះទេ ហើយទោះជាបច្ចុប្បន្នកម្ពុជាមានភ្លើងប្រើប្រាស់គ្រប់គ្រានក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរៀបចំផែនការអភិវឌ្ឍន៍វិស័យថាមពលបន្ថែមទៀតដើម្បីត្រៀមបំពេញតម្រូវការដែលនឹងមានការកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់សារជាថ្មីដូចនេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តសិស្សថ្នាក់ទី១២ ចំនួន៣៥០០នាក់នៅទូទាំងខេត្តពោធិ៍សាត់ដែលត្រៀមប្រឡងថ្នាក់ជាតិនៅខែសីហាខាងមុខនេះ។
គួរជម្រាបជូនដែរថា ផែនការអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ត្រូវបានុកចិត្តទុកដាក់ ជាវិស័យអាទិភាពក្នុងការសម្របខ្លួនទៅនឹងកំណើននៃការប្រើប្រាស់ថាមពលយ៉ាងឆាប់រហ័សនាពេលអនាគត ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅខែតុលា ឆ្នាំ១៩៩៤ ដែលមានទិសដៅ៖
១-ផ្តល់នូវការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃសមរម្យ។
២-ធានានូវការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យមាននិរន្តភាព និងសុវត្ថិភាព ដែលធ្វើឲ្យមានភាពងាយស្រួលដល់ការវិនិយោគក្នុង ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
៣-ជួយជំរុញនូវរបកគំហើញថ្មីៗ និងការអភិវឌ្ឍន៍នៃប្រភពផលិតថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម ដែលជា តម្រូវការចាំបាច់សម្រាប់ផ្គត់ផ្គង់ថាមពលដល់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។
៤-លើកទឹកចិត្តនូវការប្រើប្រាស់ថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននូវកម្រិតអប្បបរមាពី ប្រភពផ្គត់ផ្គង់ និងការប្រើប្រាស់ ៕