លោក ឈាង រ៉ា រំឭកគណៈវិជ្ជាជីវៈសុខាភិបាល ពិនិត្យឱ្យម៉ត់ចត់មុនចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ
ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ទៅគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ។
កាលពីថ្ងៃទី១០ កក្កដា គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី បានជួបសំណេះសំណាលជាមួយលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។ ក្នុងជំនួបខាងលើ លោក ឈាង រ៉ា បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណជន និងសហគមន៍។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ជំរុញឱ្យគណៈវិជ្ជាជីវៈសុខាភិបាលពង្រឹងការអនុវត្តច្បាប់ លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ គោរពសិទ្ធិអ្នកជំងឺ ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ បង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ។
លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ ត្រូវពិនិត្យមើលឯកសារគតិយុទ្ធ និងច្បាប់ទាំងឡាយដែលចេញជាធរមាន និងអនុវត្តឱ្យមានអនុលោមភាព។ ជាមួយគ្នានេះ ត្រូវធ្វើសកម្មភាពឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយចាប់ផ្តើមពីតម្រូវការ ដើម្បីឆ្ពោះទៅការកំណត់នូវគោលការណ៍រួមមួយក្នុងការអនុវត្តការងារនោះ។
ទន្ទឹមនឹងនេះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវស្វែងរកធនធានផ្នែកទីប្រឹក្សាខាងក្រៅបន្ថែម មកជួយលើការងារបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងក្នុងការប្រឹក្សាយោបល់លើការងារគ្រប់គ្រង។ លោករដ្ឋមន្រ្តី ក៏ណែនាំឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អរវាងគណៈវិជ្ជាជីវៈមួយ ទៅគណៈវិជ្ជាជីវៈមួយទៀត ដើម្បីពិនិត្យមើលកិច្ចការងារ ដែលមានការពាក់ព័ន្ធគ្នា។
«ពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងគោលបំណងជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ»។ នេះជាការណែនាំបន្ថែមរបស់លោក ឈាង រ៉ា៕