លោក គីម ជុងអ៊ុន ជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និយាយពីសង្គ្រាម
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា មេដឹកនាំ Kim Jong Un បានអះអាងពីការផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ដល់ទីក្រុងមូស្គូ ចំពោះសង្គ្រាម នៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។
ដំណើរទស្សនកិច្ច របស់លោក Lavrov ទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាដំណើរចុងក្រោយគេបង្អស់ ក្នុងដំណើរជាបន្តបន្ទាប់ ពីសំណាក់ មន្ត្រីកំពូលៗ របស់ទីក្រុងមូស្គូ ខណៈដែលប្រទេសទាំងពីរពង្រឹងទំនាក់ទំនងយោធា និងនយោបាយ ហើយក៏ចំពេលមានការវាយលុករបស់រុស្ស៊ី ប្រឆាំងនឹងទីក្រុង Kyiv។ ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហាន រាប់ពាន់នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែន និងផ្តល់ឱ្យកងទ័ពរុស្ស៊ី នូវគ្រាប់កាំភ្លើងធំ និងមីស៊ីល។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា លោក Kim និង លោក Lavrov បានជួបគ្នា កាលពីថ្ងៃសៅរ៍ នៅក្នុង “បរិយាកាសមួយ ដែលពោរពេញ ទៅដោយការជឿទុកចិត្តគ្នា យ៉ាងកក់ក្តៅ” ។
ក្រសួងការបរទេសរុស្ស៊ី បានបង្ហោះវីដេអូ បុរសទាំងពីរនាក់ ចាប់ដៃគ្នា អោបគ្នា ហើយបាននិយាយថា កិច្ចពិភាក្សាត្រូវបានធ្វើឡើង នៅទីក្រុង Wonsan ដែលជាទីក្រុងមួយ នៅឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង ជាកន្លែងរមណីយដ្ឋានដ៏ធំមួយ ទើបត្រូវបានបើក កាលពីដើមខែនេះ៕
ប្រភពពី AFP