ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យត្រួតពិនិត្យ មន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់បានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងត្រួតពិនិត្យ ចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជំនាញ។
ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍ បទល្មើសនិងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងដាក់ចេញ នូវគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ រួមមាន ៖ បង្កើនការការអនុវត្ត បង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងត្រួតពិនិត្យ ចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីល ធម៌វិជ្ជាជីវៈជំនាញ ជាពិសេសពង្រឹងកាត់បន្ថយភាពអសកម្ម របស់មន្រ្តីនគរបាលចរាចរណ៍ នៅលើដងផ្លូវ បង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។
លោក ស្នងការ បន្ដថា ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំបង្កើនអនុវត្តតាមវិធានការជំនាញ ស្រាវជ្រាវបង្ការទប់ស្កាត់ និងបទល្មើសព្រហ្មទណ្ឌ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ដូចជា ៖ បទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិ និងបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខ ផងដែរ៕