រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ ពិចារណាដាក់ពន្ធគយសូន្យភាគរយលើទំនិញអាម៉េរិក

ថៃ កំពុងពិចារណាដាក់ពន្ធគយលើទំនិញនាំចូលពីអាម៉េរិក សូន្យភាគរយ ដើម្បីចរចាទម្លាក់ពន្ធគយ ៣៦ភាគរយ ដែលអាម៉េរិក បានដាក់លើ។ លោក Pichai Chunhavajira រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានបញ្ជាក់ប្រាប់វេទិកាធុរកិច្ចមួយបែបនេះ នៅថ្ងៃទី១៤ ខែកក្កដា។

ដូចកម្ពុជា ថៃ បានរងពន្ធគយចំនួន ៣៦ភាគរយ នៅក្នុងលិខិតដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបញ្ជូននៅថ្ងៃទី៧ ខែកក្កដា។ ចំនួនពន្ធនេះ គឺស្ថិតនៅដដែល បើទោះតំណាងថៃ បានខិតខិចរចា ក្នុងរយៈពេល ៩០ តាមការកំណត់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏ដោយ។

ដើម្បីទទួលបានការបញ្ចុះពន្ធឱ្យបានមុនថ្ងៃទី១ ខែសីហា ដែលជាថ្ងៃចាប់ផ្តើមអនុវត្តរបស់អាម៉េរិកលើបណ្តាប្រទេសផ្សេងៗ ថៃ កំពុងពិចារណាដាក់ពន្ធលើទំនិញនាំចូលពីអាម៉េរិក សូន្យភាគរយ។

«ថៃកំពុងពិចារណាស្នើពន្ធគយ សូន្យភាគរយលើទំនិញនាំចូលពីអាម៉េរិក»។ លោក Pichai រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានបញ្ជាក់បែបនេះ នៅក្នុងវេទិកាធុរកិច្ចមួយ នៅថ្ងៃទី១៤ ខែកក្កដា។ ទន្ទឹមនេះ ថៃ កំពុងរៀបចំកម្ទីទន់ប្រមាណ ៦,‌១ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីពន្ធគយរបស់អាម៉េរិកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។

កន្លងមក ថៃ បានសន្យាទិញទំនិញអាម៉េរិកពីអាម៉េរិកកាន់តែច្រើន ហើយបានដាក់ផែនការដើម្បីកាត់បន្ថយអតុល្យភាពជញ្ជីងពាណិជ្ជកម្មជាមួយអាម៉េរិកថែមទៀត ដើម្បីទទួលបានការបញ្ចុះអត្រាពន្ធ។

នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឡាវ និងមីយ៉ាន់ម៉ារងពន្ធគយពីអាម៉េរិកខ្ពស់ជាងគេ ដោយមានចំនួន ៤០ភាគរយ ខណៈកម្ពុជា និងថៃចំនួន ៣៦ភាគរយ។ ចំណែកឥណ្ឌូណេស៊ី មានចំនួន ៣២ភាគរយ, ម៉ាឡេស៊ី និងព្រុយណេមានទំហំ ២៥ភាគរយ ហើយហ្វីលីពីន និងវៀតណាមចំនួន ២០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង