កម្ពុជា នឹងធ្វើសមយុទ្ធ ឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ពីថ្ងៃទី២២-២៤ កក្កដា
ភ្នំពេញ៖ កម្ពុជា នឹងធ្វើសមយុទ្ធ ឆ្លើយតបគ្រោះអាសន្នមហន្តរាយ ថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២-២៤ កក្កដា នៅបញ្ជាការដ្ឋានទ័ពពិសេស ៩១១ រាជធានីភ្នំពេញ។ សមយុទ្ធនេះ មានការចូលរួមពីប្រទេសជាសមាជិកអាស៊ាន,ទីម័រឡេស្តេរ, អគ្គលេខាធិការអាស៊ាន, កងប្រតិបត្តិការរុករក និងសង្គ្រោះ, អភិបាលរាជធានី-ខេត្ត, អង្គការអន្តរជាតិ, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ សរុប ៦៥០នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៤ ខែកក្កដា ARDEX-25 ជាសមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន។ ក្នុងលំហាត់នោះ រួមបញ្ចូលដំណើរត្រៀមរៀបចំ ការរុករក និងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជាដើម។
លើសពីនោះ សមយុទ្ធ ក៏បានរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)៕