រុស្ស៊ីនិយាយថា ខ្លួនបានកម្ទេចយានដ្រនូនអ៊ុយក្រែនចំនួន ៥៥គ្រឿង ហើយមនុស្សជាច្រើននាក់ បានរងរបួស
អភិបាលតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សជាច្រើននាក់ បានរងរបួស ហើយផ្ទះ និងអគារមិនមែនលំនៅឋាន ត្រូវបានខូចខាត ដោយសារការវាយប្រហារដោយយានដ្រូនពេញមួយយប់របស់ប្រទេសអ៊ុយក្រែន ទៅលើតំបន់ Lipetsk និង Voronezh ភាគនិរតីរបស់របស់ប្រទេសរុស្ស៊ី។
អភិបាលតំបន់លោក Alexander Gusev បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegramថា អង្គភាពការពារដែនអាកាសរបស់រុស្ស៊ី បានកម្ទេចយានដ្រូនចំនួន ១២ គ្រឿង នៅពីខាងលើតំបន់ Voronezh ដែលជាប់ព្រំដែនអ៊ុយក្រែន។
លោក Gusev បាននិយាយថា៖«ជាអកុសល មានមនុស្សមួយចំនួន រងរបួស ។ «នៅកណ្តាលទីក្រុង Voronezh មនុស្សជាច្រើននាក់ បានរងរបួសស្រាល ដោយសារតែបំណែករបស់យានដ្រូនដែលបានធ្លាក់ត្រូវ»។
លោក Gusev បាននិយាយថា អាផាតមិនជាច្រើន នៅក្នុងអគារច្រើនជាន់ នៅក្នុងទីក្រុង Voronezh ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Voronezh ដ៏ធំទូលាយ ត្រូវបានរងការខូចខាត ក៏ដូចជាផ្ទះនៅតំបន់ជាយក្រុងផងដែរ។
លោកបាននិយាយថា បន្ថែមពីលើនេះ កន្លែងពាណិជ្ជកម្មជាច្រើននៅទូទាំងតំបន់ បានរងការខូចខាតដោយសារបំណែកយានដ្រូនធ្លាក់ត្រូវ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម៕