ប្រទេសអង្គការណាតូគ្រោងកែនមន្ត្រីចាស់ៗអាយុ ៧០ ឆ្នាំ ចូលធ្វើទាហានវិញ

បរទេស ៖ ស៊ុយអែត ដែលជាប្រទេស សមាជិកសម្ព័ន្ធយោធាអន្តរជាតិ NATO គ្រោងនឹងប្រមូល អតីតមន្ត្រីចាស់ៗ រាប់ពាន់នាក់ អាយុចាប់ពី ៤៧ រហូតដល់ ៧០ឆ្នាំ ឲ្យចូលធ្វើជាទាហាន វិញ ដើម្បីកែនកងទ័ព ពីចំនួន៦ម៉ឺននាក់ ឲ្យកើនដល់ ចំនួន១១៥,០០០នាក់ នៅត្រឹមឆ្នាំ២០៣០ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋ ស៊ុយអែត SVT។

ទីភ្នាក់ងារព័ត៌មាន RT ដែលបានចុះផ្សាយបន្ត កាលពីថ្ងៃទី១៤ ខែកក្កដា បានឲ្យដឹងថា ក្រៅពីការបង្កើនទ័ពជិតទ្វេដង ប្រទេស ដែលបានក្លាយជាសមាជិក ណាតូ ក្នុងឆ្នាំ២០២៤ មួយនេះ ក៏បានសម្រេចបង្កើនថវិកា លើវិស័យការពារជាតិ ៣១,៤ ពាន់លានដុល្លា ពីលើការកើនឡើងនៃថវិកាជាប្រចាំឆ្នាំ ទៀតផង។

ប្រភពបន្តថា ការវិវឌ្ឍន៍ទាំងនេះ ឆ្លុះបញ្ចាំងពីការជំរុញផ្នែកយោធា កាន់តែទូលំទូលាយ ក្នុងចំណោមប្រទេស ជាសមាជិកណាតូ ដែលនិយាយថា ពួកគេត្រូវតែបង្កើនថវិកាការពារជាតិ ដើម្បីប្រឆាំងនឹងអ្វី ដែលពួកគេពិពណ៌នាថា ជាការគំរាមកំហែង ពីប្រទេសរុស្ស៊ី។ ប៉ុន្តែ ទីក្រុងមូស្គូ បានបដិសេធថា ខ្លួនមិនបង្កការគំរាមកំហែងទេ ដោយចោទប្រកាន់ ក្រុមលោកខាងលិចទាំងនេះ ថា បានបង្កការភ័យខ្លាច ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការចំណាយយោធា មិនខ្វល់ពីកម្រិតជីវភាព របស់ប្រជាជន នៅទូទាំងទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា កាលពីខែមុន សម្ព័ន្ធយោធា ណាតូ បានយល់ព្រមបង្កើន គោលដៅសម្រាប់ការចំណាយ លើវិស័យការពារជាតិ ពី ២% ទៅ ៥% នៃផលិតផល ក្នុងស្រុកសរុប ឬ GDP ដោយក្នុងនោះ ៣.៥% ត្រូវបែងចែកដោយផ្ទាល់ ទៅឱ្យយោធា ហើយ នៅសេសសល់ គឺសំដៅឆ្ពោះទៅរកគំនិតផ្តួចផ្តើម ផ្នែកសន្តិសុខ កាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា បន្ទាប់ពីផ្អាកជិត១០ឆ្នាំ ប្រទេសស៊ុយអែត បានចាប់ផ្តើមឲ្យមានការចុះឈ្មោះបម្រើកងទ័ព ឡើងវិញ កាលពីឆ្នាំ២០១៧ ដោយលើកហេតុផលថា មានកង្វល់សន្តិសុខ នៅក្នុងតំបន់ ប៉ុន្តែ ស្ថិតក្រោមគោលការណ៍ ស្ម័គ្រចិត្ត តែប៉ុណ្ណោះ៕

ប្រភពពី RT

អត្ថបទដែលជាប់ទាក់ទង