ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំផែនទីប្រើប្រាស់ឃុំ ក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីដោះស្រាយវិវាទដែលនៅសេសសល់ឱ្យបានឆាប់រហ័ស
(ភ្នំពេញ) ៖ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងណែនាំការងារលើការរៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ នាព្រឹកថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យមានការឯកភាពគ្នាលើការងាររៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីការកំណត់ក្នុងច្បាប់ភូមិបាល ហើយអ្វីដែលយើងទាំងអស់គ្នាធ្វើនេះ គឺជាកាតព្វកិច្ចចំពោះជាតិក្នុងការថែរក្សាមរតកដូនតា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ចំពោះមុខការងារនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបជំរុញការងារនេះបានដំណើរការឆាប់រហ័ស ដោយក្រុមការងារត្រូវធ្វើផែនទីសុរិយោដី ១១៤ភូមិ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដោយផ្អែកលើភាពជាក់ស្ដែងនៅនឹងកន្លែង,ត្រូវរៀបចំប្លង់គោលហើយត្រូវផ្លាស់ប្ដូរលក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីជំរុញការដោះស្រាយវិវាទដែលនៅសេសសល់ក្នុងតំបន់ទាំងពីរនេះឱ្យបានឆាប់រហ័ស ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយោបាយដែលក្រសួងបានដាក់ចេញ,ចាប់ពីដើមអាណត្តិទី៧នេះ តាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងកិច្ចការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគោលនយោបាយមួយ គឺការចុះបញ្ជីដីបង្ហើយដែលបានធ្វើឡើងនៅទូទាំងប្រទេស ហើយមកទល់ពេលនេះនៅសល់ត្រឹមតែប្រមាណ ១៧ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែងឱ្យបានចប់សព្វគ្រប់ ហើយក៏ត្រូវជម្រះបញ្ហាវាស់វែងដីធ្លី ដែលមានភាពឆកល្វែងពីមុនមក និងត្រូវបំពេញបន្ថែមឱ្យមានភាពល្អឡើងវិញផងដែរ ៕