មន្រ្តីជំនាញផលិតកម្មនៃនាយកដ្ឋានចុះធ្វើការសាវជ្រាវបង្រ្កាបបទល្មើសសាច់សត្វអត់ច្បាប់ដែលលួចនាំចូលពីវៀតណាម បង្កកកាលពីមុនចំនួន៨តោន ប៉ុន្តែឥឡូវស្លាបមាន់ ១០០កេសទៀត
(រាជធានីភ្នំពេញ)៖ ថ្មីៗនេះប្រជាពលរដ្ឋកំពុងកើតការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីទំនិញសាច់សត្វបង្កក់ផ្សេងៗតែងនាំចូលពីវៀតណាម រហូតដល់រាជធានីភ្នំពេញ ត្រូវរកឃើញថាអត់ច្បាប់? តើនៅព្រំដែនវៀតណាមហ្នឹងអត់មានមន្ត្រីត្រួតពិនិត្យ ឬមន្ត្រីទម្លាក់ចោលតួនាទីភារកិច្ចឬក៏មិនយកភ្នែកមើល?
សូមជម្រាបថាៈកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅសាច់គោ ភ្លៅមាន់បង្កកប្រមាណចំនួន៨តោន ដែលបានលួចដឹកចូលតាមច្រកព្រំដែនវៀតណាមក្នុងក្រុងសំពៅពូន ខេត្តកណ្តាល មកដល់កណ្តាលរាជធានីភ្នំពេញ ទើបចាប់បាន និងរកឃើញថាអត់ច្បាប់ម្តងហើយ។
លុះរហួតមកដល់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្រាប់តែមានស្លាបមាន់បង្កកប្រមាណ ចំនួន១០០កេស ស្មើ១៥០០គីឡូទៀត ត្រូវបានកម្លាំងមន្រ្តីជំនាញផលិតកម្មនៃនាយកដ្ឋាន បានធ្វើការសាវជ្រាវរកឃើញការនាំចូលពីវៀតណាម ដោយគ្មានលិខិតស្នាមអនុញ្ញាតបន្តទៀត។
សូមបញ្ចាក់ថាៈ បើយោងតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ស្លាបមាន់បង្កកទាំងនេះ បានដឹកចេញពី ប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតនោះទេ។ បច្ចុប្បន្នក្រុមការងារ អន្តរាគមន៍បានយកវត្ថុតាងខាងលេីនេះទុកនៅទីតាំងចត្តាឡីស័កដេីម្បីអនុវត្តតាមនីតិវិធីច្បាប់។ ការបណ្តែតបណ្តោយទំនិញ សាច់បង្កកលួចនាំចូលពីវៀតណាម មកកម្ពុជា ដោយគ្មានច្បាប់នេះ ដោយសារគ្មានការត្រួតពិនិត្យច្បាស់លាស់ ហើយគេមិនអាចដឹងពីគុណភាពទំនិញ ឬសាច់បង្កកនោះឡើយ។
ចំណីអាហារជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ អាហារល្អសុខភាពល្អ អាហារមានបញ្ហានាំឱ្យប្រជាពលរដ្ឋកើតជំងឺដម្កាត់ផ្សេងៗដែលបង្កឲ្យមានជំងឺ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ប៉ះពាល់នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ការបណ្តែតបណ្តោយឱ្យទំនិញ សាច់បង្កកចូលដោយគ្មានច្បាប់ ក៏ធ្វើឱ្យបាត់ប្រភពចំណូលរបស់រដ្ឋតាមរយៈការប្រមូលពន្ធគយផងដែរ។