អង់គ្លេស និង EU បន្តដាក់ទណ្ឌកម្មលើវិស័យប្រេង និងធនាគាររបស់រុស្ស៊ី

សហភាពអឺរ៉ុប [EU] និងអង់គ្លេស​ បានប្រកាសនៅថ្ងៃទី១៨ ខែកក្កដា លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់រុស្ស៊ីលើវិស័យប្រេង ធនាគារ និងយោធា ដើម្បីដាក់គំនាបរដ្ឋាភិបាលក្រុងមូស្គូឱ្យកាន់តែខ្លាំងក្នុងគោលដៅជំរុញឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

សហភាពអឺរ៉ុប [EU] និងអង់គ្លេស បានប្រកាសដាក់គំនាបសេដ្ឋកិច្ចលើរុស្ស៊ីបន្តទៀតនៅថ្ងៃទី១៨ ខែកក្កដា ដោយផ្ដោតទណ្ឌកម្មលើវិស័យប្រេង និងធនាគារ។

អនុប្រធាន EU លោកស្រី Kaja Kallas បានបញ្ជាក់ថាអឺរ៉ុប គឺមិនចុះញ៉មឡើយលើការបន្តជួយទៅអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។  លោកស្រី Kallas បានសង្កត់ធ្ងន់ថា ៖«EU នឹងបន្តដំឡើងសម្ពាធរហូតទាល់តែរុស្ស៊ីបញ្ចប់សង្គ្រាម»។

ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានបញ្ជាក់ជំហររដ្ឋាភិបាលក្រុងឡុងដ៍ថាមិនអាចនៅស្ងៀមឡើយ ដោយអង់គ្លេសនឹងចូលដៃជាមួយ EU ដើម្បីបន្តដាក់សម្ពាធតម្លៃប្រេងដែលលោកចាត់ទុកថាជា«បេះដូងនៃវិស័យថាមពលរបស់រុស្ស៊ី»។

ទណ្ឌកម្មថ្មីរបស់ EU និងអង់គ្លេសលើកទី១៨នេះ រួមបញ្ចូលទាំងការទម្លាក់តម្លៃប្រេងដែលរុស្ស៊ីនាំចេញ ដាក់នាវានិងកប៉ាល់រុស្ស៊ីបន្ថែមចូលបញ្ជីខ្មៅរបស់ខ្លួន និងពង្រីកការរឹតបន្តឹងប្រតិបត្តិការទឹកប្រាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាមមន្ត្រីរបស់​ EU តម្លៃប្រេង នឹងត្រូវបញ្ចុះក្នុងអត្រា១៥ភាគរយនៃតម្លៃតាមទីផ្សារ ពោលគឺទម្លាក់តម្លៃមកនៅត្រឹម៤៧,៦ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ តម្លៃនេះអាចនឹងផ្លាស់ប្ដូរក្នុងករណីចាំបាច់ ដ្បិតតម្លៃប្រេងសកលឡើង និងធ្លាក់ខ្លាំង។

ទាក់ទិនលើការដាក់នាវារុស្ស៊ីចូលបញ្ជីខ្មៅ ការប្រកាសទណ្ឌកម្មថ្មីនេះ បានចុះនាវារុស្ស៊ីជាង១០០គ្រឿងចូលក្នុងបញ្ជីខ្មៅខ្លួន ដែលនាវាទាំងនោះទៀតសោតប្រើដើម្បីដឹកប្រេងដែលអាចគេចការដាក់ទណ្ឌកម្មបាន។

អាម៉េរិក ថ្មីៗនេះក៏បានគំរាមដាក់ពន្ធគយលើកទី២លើរុស្ស៊ីផងដែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធគយធ្ងន់ធ្ងរជាថ្មីលើអ្នកដែលទិញថាមពលពីរុស្ស៊ី ក្នុងករណីរដ្ឋាភិបាលក្រុងមូស្គូ មិនសហការដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួនក្នុងពេល៥០ថ្ងៃ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានលើកឡើងពីទណ្ឌកម្មថ្មីនេះគឺមិនធ្លាប់មានឡើយ។ លោក បានបង្ហាញសុទិដ្ឋិននិយមថា ទណ្ឌកម្ម និងកិច្ចសហការពីអាម៉េរិក នឹងដាក់គំនាបឱ្យលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ព្រមធ្វើបទឈប់បាញ់៕

អនុប្រធាន EU លោកស្រូ Kaja Kallas។ រូបភាព៖ European Union
អត្ថបទដែលជាប់ទាក់ទង