លោក ត្រាំ ថានឹងបន្តតាមកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បើសិនមានបង្កើតថ្មី
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១៩ ខែកក្កដា ថាអាម៉េរិក នឹងបន្តវាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្តទៀត បើសិនជាអ៊ីរ៉ង់មានបង្កើតថ្មី។ អាម៉េរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់៣កន្លែង កាលពីថ្ងៃទី២២ ខែមិថុនា។
ក្រោយពីវាយប្រហារ និងប្រកាសថា បានកម្ទេទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់៣កន្លែងរួចមក ប្រធា នាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់បន្តទៀត បើសិនជាមាន។
«ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ទាំង៣ ត្រូវបានកម្ទេច និងលុបបំបាត់ដានទាំងស្រុង។ វានឹងប្រើ ពេលរាប់ឆ្នាំ ដើម្បីដំណើរការទីតាំងនោះឡើងវិញ។ ហើយបើសិនអ៊ីរ៉ង់ ចង់ធ្វើអញ្ចឹង យក ល្អពួកគេ គួរចាប់ផ្ដើមទីតាំងថ្មីលើកន្លែង៣ផ្សេងគ្នា មុនពេលដែលទីតាំងទាំងនោះ ត្រូវកម្ទេចចោល […]»។ លោក ត្រាំ បានសរសេរបែបនេះ ក្នុងបណ្ដាញសង្គម Truth Social នៅថ្ងៃទី១៩ ខែកក្កដា។
អាម៉េរិក បានបើកប្រតិបត្តិការវាយប្រហារទីតាំងនុក្លេអ៊ែរអ៊ីរ៉ង់ នៅ Fordow, Natanz និង Isfahan កាលពីថ្ងៃទី២២ ខែមិថុនា។ ទាំងលោក ត្រាំ និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានបញ្ជាក់ថាយោធាខ្លួន បានកម្ទេចទីតាំង៣នេះទាំងស្រុង។
យ៉ាងណាមិញ របាយការណ៍របស់ទូរទស្សន៍ CNN កាលពីថ្ងៃទី២៤ ខែមិថុនា បានឱ្យដឹងថាក្រុមចារកិច្ចមន្ទីរបញ្ចកោណ មានរបាយការណ៍បឋមថា ប្រតិបត្តិការយោធាជើងអាកាស ខ្លួន មិនបានសម្រេចគោលដៅកម្ទេចទីតាំងនុយក្លេអ៊ែរទាំងស្រុងនោះឡើយ។ តែរបាយការណ៍នេះ ត្រូវរដ្ឋបាលលោក ត្រាំ បដិសេធ។
ស្រដៀងគ្នានេះ ទូរទស្សន៍ NBC News បានចេញរបាយការណ៍ដែលយោងតាមមន្ត្រីបច្ចេកទេសអាម៉េរិកថា មានតែទីតាំង១ប៉ុណ្ណោះរបស់អ៊ីរ៉ង់ ដែលត្រូវបានបំផ្លាញទាំងស្រុង ខណៈ២ទីតាំងផ្សេងទៀត រងការខូចខាតទាបដែលនឹងអាចដំណើរការឡើងវិញត្រឹមពេលប៉ុន្មានខែប៉ុណ្ណោះ៕